ខេត្តកំពត៖ ទីតាំងស្តុក និងចែកចាយកញ្ឆារបស់ជនបរទេសមួយកន្លែងត្រូវបានបង្ក្រាប និងឃាត់ខ្លួនជនបរទេស៧នាក់ដកហូតវត្ថុតាងបានមួយចំនួនធំ ពេលនេះសមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ នេះបើតាមការអះអាងបញ្ជាក់ពីលោកស្នងការនគរបាលខេត្តកំពត។
សមត្ថកិច្ច បង្ក្រាបនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ចន្ទមធុរឹទ្ឋ ស្នងការនគរបាលខេត្តបានប្រាប់អោយដឹងថា ដោយទទួលព័ត៌មានអំពីការបើកលក់កញ្ឆាដល់ជនបរទេសនេះ កម្លាំងរបស់លោកបានបើកប្រតិបត្តិការដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង ខា ដែនណា កម្លាំងរបស់លោកបានចុះដល់ទីតាំង និងបានឃាត់ខ្លួនជនបរទេសចំនួន៧នាក់ក្នុងនោះស្រី២នាក់ ។
លោកស្នងការបន្តថា ក្រោយឃាត់ខ្លួនជំហានដំបូង កម្លាំងរបស់លោកបាននាំយកវត្ថុតាងមកកាន់ស្នងការដ្ឋានគរបាលខេត្តដើម្បីសាកសួរ។
លោកស្នងការបានបញ្ជាក់ថា ម្ចាស់ផ្តះដែលឃាត់ខ្លួនគឺជាជនជាតិអាមេរិកកាំង និងជនបរទេសសង្ស័យ៦នាក់ទៀតមិនទាន់បានដឹង និងស្គាល់ថាជាជនជាតិអ្វីនោះទេ។
លោកស្នងការបានបញ្ជាក់ថា ប្រតិបត្តិការនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋានសាលាដំបូងខេត្ត និងលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតផងដែរ ។ ដោយ ឡែកជនបរទេសប្រុស ស្រី៥នាក់ទៀត សមត្ថកិច្ច របស់លោកសួរនាំឃើញថា មានការពាក់ព័ន្ធនោះ នឹង សុំយោបល់លោកព្រះរាជអាជ្ញាដើម្បី បន្តនីតិវិធី ហើយបើរកមិនឃើញថា អ្នកទាំង៥មិនមានការពាក់ព័ន្ឋនោះ នឹងសុំយោបល់ដោះលែងអោយមានសេរីភាពវិញ ។ ចំណែកអ្នកពាក់ព័ន្ឋម្ចាស់ផ្ទះ និងមិត្តភក្តិម្នាក់ទៀតដែលឆ្លើយសារភាពថាកញ្ឆាទាំងនេះជារបស់ខ្លួន ក្រោយការសាកសួរ នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្ត ។
ពេលនេះសមត្ថកិច្ចជំនាញមានការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យអន្តោប្រវេសន៍ កំពុងសាកសួរនៅឡើយ ។
បើតាមមន្ត្រីក្រសួងការបរទេសមួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ចំពោះជនបរទេសរូបណាដែលប្រព្រឹត្តខុសគឺច្បាប់ប្រទេសកម្ពុជាត្រូវបន្តនីតិវិធិជាមុនសិន កាលណាតុលាការរកឃើញអំពីទោសនោះហើយ គឺត្រូវតែកាត់ទោស ក្រោយមកតាមរយៈស្ថានទូត ទើបដំណើរការនីតិវិធីធ្វើបត្យាប័ណ្ណបន្ត ជូនត្រឡប់ទៅប្រទេសកំណើតវិញ ៕
ដោយ៖ សេនាស័ក្តិ