បុរសម្នាក់លង់ទឹកស្ទឹងស្លាប់នៅគ្រាស្រវឹងជោគជាំហើយបានដើរឆ្លង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានលង់ទឹកស្ទឹងស្លាប់បាត់បង់ជីវិត នៅគ្រាដើរអញ្ជើញភ្ញៀវការកូន ហើយបានជួបមិត្តភក្តិផឹកស៊ីក៏ហុចមួយកែវ ពីរកែវ ស្រវឹងជោគជាំពេលត្រឡប់មកផ្ទះបានដើរកាត់ឆ្លងស្ទឹងដែលមានទឹកជំរៅត្រឹមចង្កេះ ហើយបានងូតទឹកត្រូវបានគេសង្ស័យខ្យល់គ ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចមុខកំពង់វត្តឯក ក្នុងស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិកោះ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសរងគ្រោះដោយសារលង់ទឹកស្លាប់ឈ្មោះ លី ម៉ុល អាយុ៥៣ឆ្នាំ រស់នៅភូមិអូរតូង សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពពីសមត្ថកិច្ចនគរបាលបើតាមការរៀបរាប់ពីភរិយាជនរងគ្រោះនិយាយថា កាលពីរសៀលមុនកើតហេតុ ប្តីគាត់បានដើរអញ្ជើញសំបុត្រការកូននៅភូមិ.សង្កាត់កើតហេតុ គ្រានោះក៏បានជួបមិត្តភក្ដិ និងបងប្អូនក៏បានផឹកស៊ីជាបណ្ដើរៗផងនោះ ធ្វើឱ្យប្តីរបស់គាត់ស្រវឹង ហើយនៅម៉ោងប្រមាណ ៤និង៣០នាទីក៏បានដើរកាត់ត្រឡប់មកផ្ទះវិញ ដោយឆ្លងស្ទឹងដែលមានទឹកត្រឹមចង្កេះ គ្រានោះប្ដីរបស់គាត់បានដោះខោអាវឱ្យគាត់កាន់ដើរឆ្លងទឹកមកមុន គាត់ដើរបានបន្ដិចក្រឡេកមើលប្ដីឃើញគាត់កំពុងឈរដុសក្អែល គ្រានោះគាត់ (ប្រពន្ធ) បន្តដើរឆ្លងដល់គោក ហើយក្រឡេកមើលប្ដីម្ដងទៀតស្រាប់តែបាត់មិនឃើញសង្ស័យលង់ទឹក ក៏ទម្លាក់ខោអាវចុះរត់មករាវរកប្ដីបណ្ដើរ ស្រែកហៅអ្នកជិតខាងឱ្យជួយបណ្ដើរ អស់រយៈពេលប្រហែលកន្លះម៉ោងទើបប្រទះឃើញលង់ទឹកស្លាប់ ដែលមានចម្ងាយពីកន្លែង​ងូតទឹកប្រមាណ ២០-៣០ម៉ែត្រ ហើយនាំគ្នាស្រង់យកទៅផ្ទះទើបរាយការណ៍ដល់សមត្ថកិច្ចតែម្ដង ។

ប្រភពបន្តទៀតថា ក្រោយពីកម្លាំងសមត្ថកិច្ចបច្ចេកទេសជំនាញធ្វើកោសល្យវិច្ច័យយ៉ាងម៉ត់ចត់ឃើញថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែននោះ ដែលសង្ស័យបណ្ដាលមកពីខ្យល់គ ខណៈគាត់ផឹកស្រាស្រវឹងហើយចុះងូតទឹកផងនោះ ទើបប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

IMG_0090

ដោយ៖ ប៉ឹម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print