ខេត្តពោធិ៍សាត់៖ មានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋ ហើយបានរាយការណ៍មកសមត្ថកិច្ច ខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងមុង ក្រោមរថយន្តស្មានថាជាករណីឃាតកម្ម ។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៧ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចចំណតគ្រឿងចក្រចត ស្ថិតក្នុងភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មា នុត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានក្រោយពីបានចុះទៅដល់កន្លែងកើតហេតុ ហើយបានស្រាវជ្រាវឃើញថា ជនរងគ្រោះជាកម្មករគ្រឿងចក្រ និងរថយន្តដឹកដីរបស់អាជីវករម្នាក់ បានស្នាក់នៅកន្លែងកើតហេតុ និងបានក្រាលកន្ទេលចងមុងដេកដូចសព្វដង ស្រាប់តែនៅពេលកើតហេតុក្រុមការងារ ឃើញគាត់ដេកយូរក៏បានទៅដាស់ ស្រាប់តែរឹងស្លាប់បាត់បង់ជីវិត ក៏មានការភ្ញាក់ផ្អើលដល់សំណាក់ប្រជាពលរដ្ឋ ហើយបានរាយការណ៍ដល់សមត្ថកិច្ចតែម្ដង ។
ប្រភពពីសមត្ថកិច្ចស្រុកបាកានបានឱ្យដឹងផងដែរថា ក្រោយកើតហេតុកម្លាំងជំនាញបានចុះទៅស្រាវជ្រាវ ហើយឃើញថា ជនរងគ្រោះដេកស្លាប់ពិតប្រាកដ ដែលគេសង្ស័យថាបណ្ដាលមកពីខ្យល់គ ក៏បានប្រគល់សាកសពឱ្យក្រុមសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន