កោះតៃវ៉ាន់៖ មន្ត្រីទាហានជើងទឹកកោះតៃវ៉ា់ន់ បានសម្រេច ដាក់ទាហានជើងទឹក៧០០នាក់ឲ្យនៅដាច់ដោយឡែក ក្រោយពេលរកឃើញទាហាន៣នាក់បានឆ្លងកូវីដ-១៩ បន្ទាប់ពីទស្សនកិច្ច កោះ Palau ។
សារព័ត៌មាន CNN នៅថ្ងៃទី១៨ខែមេសា បានផ្សាយថា៖ កាលពីពាក់កណ្តាលខែមីនា មាននាវាចម្បាំងតៃវ៉ាន់៣គ្រឿងចូលទៅទស្សនកិច្ចកោះ Palau នៅសមុទ្រប៉ាស៊ីហ្វិក ។ ក្រោយមកមួយខែក៏បានរកឃើញមាននាវិកឆ្លងកូវីដ-១៩។ នាវិកទាំង៣នាក់វិជ្ជមានកូវីដ១៩ គឺស្ថិតនៅលើនាវាតែមួយ ប៉ុន្តែ នាវិកនៅលើនាវាទាំង៣គ្រឿងត្រូវដាក់ឲ្យនៅដោយឡែកដើម្បីតាមដាន។
ក្នុងពេលដែលនាវាចម្បាំងទាំង៣គ្រឿងត្រឡប់មកពីកោះ Palau មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing Wenក៏បានទៅស្វាគមន៍ផងដែរ។ ប៉ុន្តែ លោកស្រីឈរពីចម្ងាយ លើកដៃតែប៉ុណ្ណោះ មិនបានទៅជិត ឬចាប់ដៃជាមួយនាវិកឡើយ។
បច្ចុប្បន្នកោះតៃវ៉ាន់ មានអ្នកឆ្លងកូវីដ១៩សរុប៣៩៨នាក់ និងស្លាប់៦នាក់៕
...
ដោយ៖ ធី រីណា