ប្រទេសឥណ្ឌា៖ គិតដល់ថ្ងៃទី១៨ខែមេសា ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩កើនឡើងដល់ជាង១៤ ពាន់នាក់ ស្លាប់ ៤៨០នាក់ និងព្យាបាលជាសៈស្បើយជិត២ពាន់នាក់។
អ្វីដែលធ្វើឲ្យឥណ្ឌាបារម្ភបំផុតនោះ គឺទីតាំងទាហានជើងទឹក INS Angre នៅទីក្រុងប៉ុមបៃ មានទាហាន២០នាក់ឆ្លងកូវីដ១៩ បង្ខំឲ្យបិទទ្វារទីតាំងនេះទាំងមូល។ កម្លាំងទាហានត្រូវឲ្យនៅដាច់ដោយឡែកដើម្បីតាមដាន ។ ទីតាំង INS Angre ក្លាយទៅជាសម្បុកកូវិដ១៩ថ្មីនៅក្នុងប្រទេសឥណ្ឌា។ តាមការសន្និដ្ឋាន នឹងមានទាហានជាច្រើនទៀតឆ្លងកូវីដ១៩។
សារព័ត៌មាន TPOនៅថ្ងៃទី១៨ខែមេសា បានផ្សាយថា៖ ទីតាំងទាហានជើងទឹកត្រូវបានបិទ។ ចំណែកទាហានដែលស្ថិតក្នុងការសង្ស័យបានដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យយោធា ។
ទីតាំងទាហានជើងទឹក INS Angre ស្ថិតនៅទីក្រុងប៉ុមបៃ ជាទីកន្លែងដែលនាវាចម្បាំង និងនាវាមុជទឹកចូលចត។ នៅពេលនេះ ក្រុមអ្នកជំនាញកំពុងតែស្រាវជ្រាវ ថាតើទាហាន២០នាក់ដែលរកឃើញឆ្លងកូវីដ១៩នោះ ធ្លាប់បានជួបជាមួយនាវិក នៅលើនាវាចម្បាំង និងនាវាមុជទឹកដែរឬទេ។
បច្ចុប្បន្នក្រៅពីទាហានជើងទឹក២០នាក់ឆ្លងកូវីដ១៩ នៅមានទាហានជើងគោក៨នាក់ក៏បានរកឃើញឆ្លងកូវីដ១៩នោះដែរ៕
ដោយ៖ ធី រីណា