មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ចុះ​ផ្សព្វផ្សាយ និង​ហាម​ពលរដ្ឋ​មិនឱ្យ​ប្រមូល​ផល​ផ្លែ​សំ​រ៉ង​តាម​វិធី​រំលំ​ដើម

ចែករំលែក៖

ខេត្តស្ទឹងត្រែង​៖ នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ ២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង ចំនួន ៥​នាក់ បាន​ចុះ​ល្បាត​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​ប្រមូល​ផល​ផ្លែ​សំ​រ៉ង ដោយ​ហាម​មិនឱ្យ​ប្រមូល​ផល​តាម​វិធី​រំលំ​ដើម​។

​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា ​ការប្រមូល​ផ្លែ​សំ​រ៉ង​មាន​តាំងពី​ដូនតា​មក ដោយ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ដោយ​ប្រមូល​តាមរបៀប​រើសយក​ពេល​ផ្លែ​សំ​រ៉ង​ទុំ​ជ្រុះ​។ លុះ​មកដល់​អំឡុង​ឆ្នាំ​១៩៩៩ ផ្លែ​សំ​រ៉ង​ចាប់ផ្តើម​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ជាហេតុ​ធ្វើឱ្យ​ប្រជាជន​មានការ​កាប់រំលំ​ដើម ដើម្បី​ប្រមូលបាន​ផ្លែ​ច្រើន​ទាន់​ចិត្ត ដោយ​មិន​រង់ចាំ​វា​ជ្រុះ បណ្តាលឱ្យ​ដើម​សំ​រ៉ង​ធំៗ​កាន់តែ​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏​ធ្លាប់បាន​ផាកពិន័យ​លើ​ជន​ដែល​ផ្តួលរំលំ​ដើម​សំ​រ៉ង​ផងដែរ​។

​ផ្អែក​តាម​ការផ្តល់​ព័ត៌មាន​ពី​គណៈកម្មការ​សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​ទុង បានឱ្យដឹងថា ទីផ្សារ ផ្លែ​សំ​រ៉ង មាន​លក្ខណៈ​ងាយស្រួល​បំផុត ពោលគឺ​ដល់​រដូវ​ប្រមូល​ផល មាន​ឈ្មួញ​ក្នុងស្រុក​មក​ចាំ​ប្រមូល​ទិញ​នៅក្នុង​សហគមន៍​តែម្តង ដែលមាន​តម្លៃ​ចន្លោះ​ពី​៣៥០០០​រៀល​ទៅ​៤៥០០០​រៀល ក្នុង​មួយ​គីឡូក្រាម អាស្រ័យ​ទៅតាម​គុណភាព​នៃ​ផ្លែ​សំ​រ៉ង​។
​សូម​ថែរក្សា​ដើម​សំ​រ៉ង​ដើម្បី​រក្សា​ចំណូល​ប្រជា​សហគមន៍​៕

...


ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print