ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិវីរជ័យ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ចំនួន ៥នាក់ បានចុះល្បាតក្នុងឧទ្យានជាតិវីរជ័យ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលចូលព្រៃប្រមូលផលផ្លែសំរ៉ង ដោយហាមមិនឱ្យប្រមូលផលតាមវិធីរំលំដើម។
បើតាមការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា ការប្រមូលផ្លែសំរ៉ងមានតាំងពីដូនតាមក ដោយប្រើប្រាស់ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ដោយប្រមូលតាមរបៀបរើសយកពេលផ្លែសំរ៉ងទុំជ្រុះ។ លុះមកដល់អំឡុងឆ្នាំ១៩៩៩ ផ្លែសំរ៉ងចាប់ផ្តើមមានតម្រូវការទីផ្សារខ្ពស់ ជាហេតុធ្វើឱ្យប្រជាជនមានការកាប់រំលំដើម ដើម្បីប្រមូលបានផ្លែច្រើនទាន់ចិត្ត ដោយមិនរង់ចាំវាជ្រុះ បណ្តាលឱ្យដើមសំរ៉ងធំៗកាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ មន្ត្រីឧទ្យានុរក្សក៏ធ្លាប់បានផាកពិន័យលើជនដែលផ្តួលរំលំដើមសំរ៉ងផងដែរ។
ផ្អែកតាមការផ្តល់ព័ត៌មានពីគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរទុង បានឱ្យដឹងថា ទីផ្សារ ផ្លែសំរ៉ង មានលក្ខណៈងាយស្រួលបំផុត ពោលគឺដល់រដូវប្រមូលផល មានឈ្មួញក្នុងស្រុកមកចាំប្រមូលទិញនៅក្នុងសហគមន៍តែម្តង ដែលមានតម្លៃចន្លោះពី៣៥០០០រៀលទៅ៤៥០០០រៀល ក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមគុណភាពនៃផ្លែសំរ៉ង។
សូមថែរក្សាដើមសំរ៉ងដើម្បីរក្សាចំណូលប្រជាសហគមន៍៕