ភ្នំពេញ ៖ លោក ប្យ៊ន ហេកម៉ាកឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២០នេះថាស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខារួមគ្នាលើ កិច្ចព្រមព្រៀងផ្ដល់ថវិកា បដិភាគចំនួន ៣,៣៤ លានដុល្លារអាមេរិក ដើម្បី គាំទ្រដល់ការអនុវត្ត កម្មវិធី សម្ព័ន្ធភាពប្រែប្រួល អាកាសធាតុកម្ពុជា (CCCA) ឆ្នាំ២០២០-២០២២។
កម្មវិធី CCCA ថ្មីនេះនឹង ផ្ដល់ ការគាំទ្រ សំខាន់ និងជួយធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងផ្ដល់ប្រយោជន៍ដល់ ក្រុមងាយរងគ្រោះជាងគេបង្អស់នៅក្នុងសង្គម។
កម្មវិធី CCCA គឺជាកម្មវិធីប្រែប្រួលអាកាសធាតុគំរូមួយនៅក្នុងប្រទេសកម្ពុជា អនុវត្តរួមគ្នា ដោយ UNDP និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច)។ កម្មវិធីនេះ សហការជាមួយរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័ន អប់រំ និងវិស័យ ឯកជន ដើម្បីឆ្លើយតប ចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយការ ប្រែប្រួល អាកាសធាតុនៅកម្ពុជាចាប់ តាំង ពីឆ្នាំ២០០៩មក ដោយបានទទួលការគាំទ្រ ផ្នែក ហិរញ្ញវត្ថុពីប្រទេសស៊ុយអែត សហភាពអឺរ៉ុប និង UNDP។ នេះជាដំណាក់កាលទី៣ នៃការអនុវត្តនូវកម្មវិធី សម្ព័ន្ធភាពប្រែប្រួល អាកាសធាតុកម្ពុជា។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សកម្មភាពរបស់កម្មវិធីប្រែប្រួលអាកាសធាតុបានក្លាយជា ធាតុផ្សំដ៏សំខាន់មួយនៃយុទ្ធសាស្ត្រ អភិវឌ្ឍ របស់ប្រទេសកម្ពុជា។
កម្មវិធី CCCA បានផ្ដល់ការគាំទ្រដល់ការដាក់បញ្ចូល ចំណុចគោលដៅស្ដីពីការ បន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុទៅ ក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលនយោបាយថវិកា និងកម្មវិធី តាមវិស័យសំខាន់ៗ។ កម្មវិធីផ្ដល់ជំនួយ ខ្នាតតូចរបស់CCCA បានផ្ដល់ឱកាស ឱ្យ ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល សាកលវិទ្យាល័យ និងដៃគូ វិស័យ ឯកជនជាច្រើន បានធ្វើតេស្តសាកល្បងលើវិធីសាស្ត្រ បន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកៀរគរ ធនធានហិរញ្ញប្បទានសម្រាប់ អនុវត្ត គំនិតផ្ដួចផ្ដើមជោគជ័យនានា។
លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែត ប្រចាំ កម្ពុជាមានប្រសាសន៍ថា៖ «ការប្រែប្រួលអាកាសធាតុ គឺជាការ គំរាមកំហែងដែលកំពុងតែកើតមាន ហើយទាមទារ ឱ្យមានការចាត់ វិធានការប្រកបដោយ មហិច្ឆតាឱ្យ បានលឿនដើម្បីដោះស្រាយ។ កម្មវិធី CCCA ផ្ដល់លទ្ធភាព ឱ្យតួអង្គសំខាន់ៗនៅកម្ពុជាធ្វើសកម្មភាព បន្ថែមដើម្បីការពារ បរិស្ថាន កាត់បន្ថយ ផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ស៊ុយអែត គាំទ្រ ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនេះ។»
ក្នុងដំណាក់កាលថ្មីនេះ ការគាំទ្រ របសស៊ុយអែត គួបផ្សំនឹងថវិកា បដិភាគ ៦ លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដែលត្រូវបាន ចុះហត្ថលេខាកាលពីឆ្នាំ២០១៩ និង ០,៥ លានដុលា្លរអាម៉េរិកចពី UNDP នឹងផ្ដោតលើការ អនុវត្ត ឱ្យកាន់តែស៊ីជម្រៅ ចំពោះសកម្មភាពបរិស្ថានក្នុងវិស័យសំខាន់ៗចំនួន៥ រួមមាន វិស័យថាមពល សាធារណការ និងដឹកជញ្ជូន អភិវឌ្ឍន៍ជនបទ បរិស្ថាន និងអប់រំ។
កម្មវិធី CCCA-3 ក៏ មាន បញ្ចូល កម្មវិធីផ្ដល់ជំនួយសម្រាប់ គម្រោង បន្ស៊ាំ និងកាត់បន្ថយ ការប្រែប្រួល អាកាសធាតុដែលមានលក្ខណៈនវានុវត្តន៍ ផ្ដល់ ជំនួយ បច្ចេកទេសដល់ ក.ជ.អ.ច សម្រាប់ការសម្របសម្រួល ជារួមលើការឆ្លើយតបចំពោះការ ប្រែប្រួលអាកាសធាតុ ភាពជាដៃគូក្នុង ការស្រាវជ្រាវដើម្បីពង្រឹង ទិន្នន័យ និងចំណេះដឹង អំពី ការប្រែប្រួល អាកាសធាតុនៅកម្ពុជា។
ជាមួយគ្នានេះដែរលោក Nick Beresford អ្នកតំណាង UNDP ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «ខណៈដែល យើងទាំងអស់គ្នា ទូទាំងសកលលោកកំពុងទទួលរងការ វាយប្រហារ ពេញទំហឹង ពីការរាតត្បាត ជាសកលនៃវីរុសកូរ៉ូណា យើងចាំបាច់ត្រូវ ធានាថាការវិនិយោគរបស់យើង នឹងជួយធ្វើឲ្យពិភព លោក កាន់តែមានភាពស្រស់ស្អាត និងកាន់តែមានសុវត្ថិភាព សម្រាប់ គ្រប់គ្នា។ ដោយមានការ គាំទ្រពីប្រទេសស៊ុយអែត សហភាពអឺរ៉ុប និង UNDP កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ផ្ដល់នូវ វិធីសាស្ត្រ មួយសម្រាប់ កសាង និងស្ដារ ឡើង វិញ ឱ្យកាន់តែប្រសើរជាងមុន។ យើងអាចប្រើប្រាស់កាលានុវត្តភាព នានាដែលមាននៅ ក្នុងអំឡុងពេលដែលមានវិបត្តិបែបនេះ ដើម្បីជួយឱ្យការវិនិយោគរបស់រាជរដ្ឋាភិបាល កាន់តែមានលទ្ធភាពបង្កើនភាព ធន់ទៅនឹងកត្តា អាកាសធាតុ ព្រមទាំងជួយជំរុញ ការវិនិយោគវិស័យឯកជនដែលគិតគូរ ពីបរិស្ថាន និងមានភាពធន់។
យើងសូមថ្លែងអំណរគុណដល់ប្រទេសស៊ុយអែត ដែល បាន បន្តផ្ដល់ ការគាំទ្រ យ៉ាងមុតមាំដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ និងកសាង នូវអនាគតកាន់តែស្រស់បំព្រង មានផាសុកភាព និងសុវត្ថិភាពសម្រាប់សហគមន៍នានានៅក្នុងប្រទេសកម្ពុជា៕
ដោយ÷ ប្រាថ្នា