ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ សម្តេចបានមានប្រសាសន៍នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រីករាយក្នុងការចូលរួមគាំទ្រលើកស្ទួយមរតក វប្បធម៌ជាតិខ្មែរយើង ឲ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៖
«ជនរួមជាតិជាទីគោរពស្រឡាញ់! កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំនិងភរិយាបានចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់ពានរង្វាន់ជ័យលាភីដល់បេក្ខជន និបេក្ខនារី ចំនួន ១២នាក់ នៅក្នុងកម្មវិធី មរតកវប្បធម៌ខ្មែរ» ដែលក្នុងនោះមានការប្រឡងចម្រៀងប្រពៃណី មហោរី យីកេ និង បាសាក់ ។ នេះគឺជាពានរង្វាន់លើកទី ៧ របស់ខ្ញុំ និងភរិយាផ្ទាល់ ដែលបានរៀបចំបង្កើតឡើង នៅទូរទស្សន៍បាយ័ន តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដើម្បីលើកស្ទួយសិល្បះវប្បធម៌ជាតិ។
កម្មវិធីលើកស្ទួយមរតកវប្បធម៌ជាតិ គឺជាមានសារះសំខាន់ខ្លាំងណាស់ដល់ប្រទេសយើង។ ទន្ទឹមនឹងនេះគឺបានបង្ហាញនូវអត្តសញ្ញាណជាតិ ដែលយើងទាំងអស់គ្នាត្រូវចូលរួមលើកស្ទួយវឌ្ឍនះភាពនៃវប្បធម៌ជាតិឱ្យកាន់តែរឹងមាំប្រកបដោយចីរភាពស្របតាមស្មារតីទិវាវប្បធម៌ជាតិ ។
ខ្ញុំគាំទ្រ និងកោតសរសើរដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងក្រុមហ៊ុនឯកជនមួយចំនួន (Kap) ដែលបានចូលរួមគាំទ្រ និងបង្កើតកម្មវិធីល្អៗដើម្បីថែរក្សា និងអភិរក្សវិស័យមរកតវប្បធម៌ជាតិអោយបានរឹងមាំល្អ។ ខ្ញុំបានស្នើថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ម្ចាស់ផលិតកម្ម អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនីទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តតាមគោលដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភ័ណ្ឌវប្បធម៌របស់យើង។ ជាពិសេស ខ្ញុំសំណូមពរអោយមានការចូលរួមគាំទ្របន្ថែមទៀតពីវិស័យឯកជនក្នុងការឧបត្តម្ភនៅក្នុងកម្មវិធីដូចនេះ។
ខ្ញុំ និងភរិយារីករាយក្នុងការចូលរួមគាំទ្រលើកស្ទួយមរតកវប្បធម៌ជាតិខ្មែយើង អោយបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត» ៕