ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្វះខាត ចំនួន៦០គ្រួសារ មកពី៥ភូមិ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានឲ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរសង្កាត់ រួមជាមួយប្រជាជនក្នុងមូលដ្ឋាន បានសហការជាមួយមណ្ឌលសុខភាព ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា បានចុះផ្សព្វផ្សាយសេចក្តីណៃនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺអុតត្បាតកូវីដ១៩ បានល្អប្រសើរ ពិសេសកាលពិថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រហូតមកដល់ពេលនេះ រមណីយដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានសង្កាត់កោះដាច់ ត្រូវបានបិទទាំងស្រុង ។
លោក ប៉ាត់ អ៊ែល បន្តថា នៅក្នុងមូលដ្ឋានសង្កាត់កោះដាច់ ធានាបានទាំងស្រុងនូវការឆ្លងជំងឺកូវីដ១៩ ដោយសារបងប្អូន ប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងប្រុងប្រយ័ត្នខ្ពស់ផ្តើមចេញពីខ្លួនយើងគ្រប់ៗរូប ។
នៅក្នុងពិធីសំណេះសំណាលនេះដែរ លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌជ្រោយចង្វា និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ បានថ្លែងកោតសរសើរចំពោះក្រុមការងារ និងសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងការពារសុខភាពរបស់ប្រជាពលរដ្ឋ ខណៈដែលពិភពលោកកំពុងទទួលរងគ្រោះដោយជំងឺអុត្បាតកូវីដ១៩ ដែលមកដល់ពេលនេះ មាន២០ប្រទេស កំពុងទទួលរងផលប៉ះពាល់ ។
លោក ណុប ចាន់ណារិន្ទ បន្តថា បើទោះជាតួរលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បញ្ជាក់ពីការថយចុះ និងការព្យាបាលជាអស់ជាង១០០ករណី លើ១២២ករណីនៃអ្នករងផលប៉ះពាល់នៅកម្ពុជាក៏ដោយ តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ ។ រីឯវ៉ាក់សាំងការពារវិញ ក៏អង្គការសុខភាពពិភពលោកមិនទាន់បញ្ជាក់យ៉ាងណានៅឡើយដែរ ដូចនេះយើងត្រូវរួមគ្នាអនុវត្តបន្តទៀតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា៖ លាងដៃ ពាក់ម៉ាស់ នៅផ្ទះ ទើបល្អ ។
ចុងបញ្ចប់លោក ណុប ចាន់ណារិន្ទ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ព្រមទាំងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយរាជធានីភ្នំពេញ ផ្ញើជូនបងប្អូន ប្រជាពលរដ្ឋរស់នៅសង្កាត់កោះដាច់ ប្រកបក្តីនឹករលឹក និងបានជំរុញឲ្យក្រុមការងារទាំងអស់ចុះតាមដានពីបញ្ហសុខភាព និងជីវភាពរស់នៅរបស់បងប្អូនជាប្រចាំ ដោយមិនទុកឲ្យនណាម្នាក់ខ្វះខាតស្បៀងដោយយើងមិនបានដឹងនោះឡើយ ។
ប្រជាពលរដ្ឋដែលខ្វះខាតចំនួន៦០គ្រួសារ ត្រូវមកទទួលការជួយឧបត្ថម្ភពីក្រុមការងារ និងក្រុមប្រឹក្សាសង្កាត់នាពេលនេះ មាន ៖ អង្ករ២០គីឡូក្រាម ; ឃីតមួយកញ្ចប់ និងថវិកា ២០០០០រៀល ក្នុងមួយគ្រួសារ ៕
ដោយ៖ ស តារា