ភ្នំពេញ៖ ថ្មីៗនេះមានបញ្ហាទាក់ទងទៅនឹងការផ្ញើសារជាអក្សរ ឬជានិមិត្តសញ្ញាផ្សេងៗ ដែលមានដូចជា រូបសញ្ញាទង់ជាតិអ៊ីតាលី និងការផ្ញើសារជាភាសាអារ៉ាប់ ជាដើម ដែលធ្វើឱ្យទូរសព្ទរបស់លោកអ្នកគាំងភ្លាមៗ។ បញ្ហានេះចាប់ផ្ដើមផ្សព្វផ្សាយដំបូងនៅក្នុងក្រុម កម្មវិធី តេឡេក្រាម (Telegram) ហើយបន្ទាប់មកក៏រាលដាលចូលដល់ កម្មវិធី ទ្វីតទ័រ (Tweeter) ព្រមទាំងនៅតាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀតផង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា៖ នៅពេលដែល iPhone, iPad, Mac ឬ Apple Watch របស់លោកអ្នកបានទទួលការជូនដំណឹង (Notification) ថាមានសារផ្ញើមកក្នុងទូរស័ព្ទ ហើយពេលដែលលោកអ្នកចុចអាន ពេលនោះឧបករណ៍របស់លោកអ្នកនឹងចាប់ផ្តើមគាំងធ្វើអ្វីមិនកើត មានន័យថាលោកអ្នកមិនអាចបញ្ជាអ្វីបានទាំងអស់នៅលើឧបករណ៍ទាំងនោះទៀតទេ។ នាពេលបច្ចុប្បន្នពុំមានដំណោះស្រាយអ្វីសម្រាប់អ្នកប្រើប្រាស់ ក្រៅពីបិទការជូនដំណឹងនៅលើឧបករណ៍របស់លោកអ្នក ដើម្បីកាត់បន្ថយការបើកសារនេះដោយចៃដន្យ។
ប្រសិនបើលោកអ្នកទទួលបានសារនេះ ហើយមានបញ្ហាជាមួយទូរស័ព្ទ លោកអ្នកអាចសាកល្បងបិទ បើកទូរស័ព្ទ ឬ hard reset តែបើលោកអ្នកនៅតែមានបញ្ហានោះ លោកអ្នកនឹងត្រូវបញ្ចូល iOS ជាថ្មីដោយភ្ជាប់ទូរស័ព្ទ ជាមួយនឹងកុំព្យូទ័រ។ បញ្ហានេះអាចត្រូវបានកែតម្រូវនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13.4.5 beta ចុងក្រោយបំផុត ប៉ុន្តែការធ្វើបច្ចុប្បន្នភាពនោះមិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាទូទៅនៅឡើយទេ តែទោះបីយ៉ាងណាក្រុមហ៊ុន Apple អាចធ្វើការកែតម្រូវឆាប់រហ័សជាងនេះ ដោយបន្ថែមទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13.4.2 ក៏ថាបាន៕
ដោយ៖ សិលា