ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ប្រើកាំបិតភ្ជង់គំរាមប្លន់យកទូរស័ព្ទដៃពីជនរងគ្រោះ ខណៈកម្លាំងធ្វើការស្រាវជ្រាវ បង្ក្រាបបានភ្លាមៗ ក្រោយពីពួកគេធ្វើសកម្មភាពរួច ដោយបានការសម្របសម្រួលលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវកោងស្រែមួយពាន់ ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន បានឲ្យដឹងថា
កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ប្រើយកកាំបិតភ្ជង់គំរាមប្លន់យកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះណាង ហុងស្រេង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ភ្លាមៗ ទី១ ឈ្មោះ វង្ស គឹមឡាង ភេទប្រុស អាយុ ៣២ឆ្នាំមានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទី២ ឈ្មោះ វុធ សុខផាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី៣ ឈ្មោះ ក្រត សុផាក ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងដកហូតបានរួមមាន ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ចំនួន ២គ្រឿង (ជាមធ្យោបាយជិះធ្វើសកម្មភាព) កាំបិតចំនួន២ និងទូរស័ព្ទដៃម៉ាក iphone xs max ចំនួន១គ្រឿង ( ជារបស់ជនរងគ្រោះ )។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ ធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី លើកលែងតែទូរស័ព្ទដៃ១គ្រឿង បានប្រគល់ជូនជនរងគ្រោះវិញហើយ៕
ដោយ៖ ហេង សូរិយា