ប្រទេសកូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិត លើកទឹកចិត្ត ដល់កម្មករដែលកំពុងតែសាងសង់ និងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ Samjiyon ដែលជាគម្រោងប្រកបដោយមហិច្ឆតារបស់កូរ៉េខាងជើង។
សារព័ត៌មានរបស់បក្ខកុម្មុយនិស្តកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃទី២៦ខែមេសា បានផ្សាយថា ៖ មេដឹកនាំ គីម ជុងអ៊ុន បានផ្ញើលិខិតលើកទឹកចិត្តដល់កម្មករកំពុងតែសាងសង់ ទីក្រុងខាងលើ។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចង់ប្រែក្លាយទីក្រុង Samjiyon ទៅជាទីក្រុងទំនើបបំផុត ទាំងវិស័យផ្លូវដែកថាមពល និង ទូរគមនាគមន៍។
ទីក្រុង Samjiyon ស្ថិតនៅជើងភ្នំ Paektu ហើយនៅកំពូលភ្នំនោះត្រូវបានគេចាត់ទុកជាកំពូលភ្នំ “ដ៏ពិសិដ្ឋ” របស់កូរ៉េខាងជើង ហើយមេដឹកនាំកូរ៉េខាងជើងតែងតែ ឡើងទៅបន់ស្រន់នៅទីនោះមុនពេលសម្រេចកិច្ចការសំខាន់របស់ជាតិ។
ការផ្ញើលិខិតខាងលើ របស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងពេលដែល មានពាក្យចរចាមអារ៉ាម ថា សុខភាពរបស់មេដឹកនាំ ចុះខ្សោយក្រោយការវះកាត់បេះដូង។ មិនតែប៉ុណ្ណោះក៏មានព័ត៌មាន ផ្សាយថា គីម ជុងអ៊ុន ស្លាប់ទៀតផង។
ចំណែកសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ៖ មេដឹកនាំ គីម ជុងអ៊ុនមិនទាន់មានសកម្មភាព ឬបង្ហាញវត្តមានជាសាធារណៈនោះឡើយចាប់តាំងពីថ្ងៃទី១១ ខែមេសា មកទល់ពេលនេះ៕
ដោយ៖ ធី រីណា