សមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយសមត្ថកិច្ចតាបណ្តាខណ្ឌព័ទ្ធចាប់ក្រុមចោរឆក់បណ្ដាលស្រ្តីម្នាក់ស្លាប់ និងវាយបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ, ខណ្ឌមានជ័យ, ខណ្ឌបឹងកេងកង, កម្លាំងនគរបាលព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកប្រតិបត្តិការរួមគ្នាបំបែកសំណុំរឿងឃាតកម្ម សម្លាប់បុរសម្នាក់នៅមុខសាលាមត្ដេយ្យវត្តកោះ ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងទៅ និងករណីឆក់បូកបណ្ដាលឲ្យជនរងគ្រោះស្លាប់នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង, លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បើតាមលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល ក្រោយទទួលបានបទបញ្ជាផ្ទាល់ លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ទោ ហែម បូណា ជានាយការិយាល័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវរួមគ្នា រហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់ចំនួន៦នាក់ជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ហើយជនសង្ស័យទាំង០៦នាក់នេះ ត្រូវបានឃាត់ខ្លួននៅចំណុច ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងនៅភូមិអរិយក្សត្យ ឃុំអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានបន្ថែមថា ជនដៃដល់ទាំង៦នាក់នេះ គឺពាក់ព័ន្ធករណីឃាតកម្ម (ប្រើដុំថ្មវាយសម្លាប់) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ម៉ោង៣ទៀបភ្លឺ នៅមុខសាលាមត្តេយ្យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ និងលួចមានស្ថានទម្ងន់ទោស (ឆក់បណ្តាលឲ្យជនរងគ្រោះស្លាប់) កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ម៉ោង៥៖២០នាទី នៅចំណុចដីឡូត៍លេខ២ លើផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១៖ ឈ្មោះ ឡាយ ពេជ្យបញ្ញា អាយុ២០ឆ្នាំ, ទី២៖ ឈ្មោះ សុធា រ៉ាបី អាយុ២០ឆ្នាំ, ទី៣៖ ឈ្មោះ សុខ ឡេង អាយុ២០ឆ្នាំ, ទី៤៖ ឈ្មោះ ស៊ុន ធារ៉ា អាយុ២០ឆ្នាំ (ក្រោយសួរនាំមិនពាក់ព័ន្ធ), ទី៥៖ ឈ្មោះ ស៉ិន ទី អាយុ១៧ឆ្នាំ និងទី៦៖ ឈ្មោះ ទឹម ស៊ូសីហាតូ អាយុ១៦ឆ្នាំ។

ក្រោយពីធ្វើការសាកសួរបឋមជនសង្ស័យឈ្មោះ ឡាយ ពេជ្យបញ្ញា, ឈ្មោះ សុធា រ៉ាបី, ឈ្មោះ សុខ ឡេង, ឈ្មោះ សុខ ទី និងឈ្មោះ ទឹម ស៊ូសីហាតូ បានសារភាពថាពួកខ្លួន និងបក្ខពួកឈ្មោះ រ័ត្ន (ពៅ) កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅទីតាំងកើតហេតុខាងលើពួកខ្លួន ពិតជាបានធ្វើសកម្មភាព វាយជនរងគ្រោះឈ្មោះ តាន់ ឡាយហួត បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ចំពោះឈ្មោះ ស៊ុន ធារ៉ា ពុំបានចូលរួមធ្វើសកម្មភាពជាមួយពូកខ្លួនឡើយ។

ដោយឡែក ឈ្មោះ ឡាយ ពេជ្យបញ្ញា ក៏បានសារភាពទៀតថា ក្រៅពីករណីខាងលើគឺនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ខ្លួន ជាមួយឈ្មោះ រ័ត្ន (ពៅ), ឈ្មោះ ឌីន និងឈ្មោះ វីន ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ ហុង សុខចេង រួចមកជនរងគ្រោះបានជិះម៉ូតូដេញតាម ទើបជ្រុលទៅបុករទេះអេតចាយ បណ្តាលឲ្យដួលស្លាប់នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ។

ជាមួយគ្នានេះ លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានបញ្ជាក់ដែរថា ជនសង្ស័យដែលឃាត់ខ្លួនបាន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី ហើយនៅពេលនេះកម្លាំងជំនាញកំពុងតែបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យដែលនៅសេសសល់យកមកផ្តន្ទាទោសទៅតាមច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print