Update ៖ ករណីយោធាបាញ់សម្លាប់ប្រពន្ធ ដើមហេតុជនដៃដល់ ខឹងប្រពន្ធនិយាយច្រើន រឿងធ្វើផ្ទះអោយប្រពន្ធចុងស្អាតជាង

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលបានប្រគល់ខ្លួន ជនដៃដល់ជាយោធា បាញ់សម្លាប់ភរិយា អោយទៅខាងកម្លាំងកងរាជអាវុធហត្ថ បន្តនីតិធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប្រភពខ្លះបញ្ជាក់ថា ដើមហេតុនៃអំពើឃាតកម្មនេះ កើតចេញពីរឿងប៉ៈទង្គិចពាក្យសំដីប្រកែកគ្នា រវាងប្តីប្រពន្ធ ដោយប្រពន្ធ ប្រចណ្ឌ និងអន់ចិត្តខ្លាំង បន្ទាប់ពីដឹងថា ប្តីរបស់ខ្លួនលួចមានស្រីកំណាន់ចិត្ត ហើយធ្វើផ្ទះអោយស្អាតល្អជាង ផ្ទះខ្លួនឯងដែលកំពុងធ្វើមិនទាន់ហើយ នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ នេះបើតាមការលើកឡើងពីជាងដែលធ្វើផ្ទះអោយគ្រួសារសព និងជនសង្ស័យខាងលើ ។ ដោយបញ្ជាក់ថា៖ ប្រពន្ធគាត់មិនសប្បាយចិត្តទេ និយាយញឹកញាប់រឿងប្តីធ្វើផ្ទះអោយប្រពន្ធចុងស្អាតធំល្អជាងផ្ទះពួកគាត់ទាំង២នាក់កំពុងសាងសង់នេះ។
សូមបញ្ជាក់ថា៖ ជនសង្ស័យជាឃាតក ឈាមត្រជាក់ បានបាញ់សម្លាប់ប្រពន្ធរួច ដឹកពីភ្នំពេញ សំដៅទៅផ្ទះនៅ ស្រុកស្អាង ខេត្តកណ្តាល ។ ករណីផ្ទុះអាវុធនេះ អាចមិនមានអ្នកណាចាប់អារម្មណ៍ ព្រោះគាត់ឈ្លោះគ្នាក្នុងឡានតាមផ្លូវ ប្រតាយឈានដល់ផ្ទុះអាវុធ ក៏ត្រូវប្រពន្ធស្លាប់ភ្លាមៗ ។ ជនដៃដល់ជាប្តី ពេលឃើញប្រពន្ធស្លាប់ ក៏រៀបចំសពប្រពន្ធគ្របយ៉ាងត្រឹមត្រូវលើឡាន ម៉ាកព្រួស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២Ak-5430 រួចហើយក៏លើកទូរស័ព្ទ ទៅកាន់លោកស្នងការរង នគរបាលខេត្តកណ្តាលម្នាក់ រៀបរាប់ថា គាត់ខុសហើយ ឈ្លោះប្រកែកជាមួយប្រពន្ធ ប្រតាយប្រតប់គ្នាក្នុងឡាន គ្រាដែលកាំភ្លើងបញ្ចូលគ្រាប់ស្រាប់ ក៏ផ្ទុះត្រូវប្រពន្ធបណ្តាលអោយស្លាប់ ដូច្នេះគាត់មិនដឹងគិតយ៉ាងមេច , ដោះស្រាយបែបណា គឺមានតែទទួលទោសកំហុស សូមអោយសមត្ថកិច្ចមកយកគាត់នៅផ្ទះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ចុះ ព្រោះគាត់កំពុងដឹកសពប្រពន្ធទៅផ្ទះនៅទីនោះ។
ករណីអំពើឃាតកម្មនេះ បានកើតហេតុនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យមានឈ្មោះ គឹម សារី អាយុ៥៨ឆ្នាំ ជាយោធា ពាក់ស័ក្តិ៤ តួនាទីជាជំនួយការលោក មុំ លីមឿន អគ្គលេខាធិការ ក្រសួងការពារជាតិ គាត់មានស្រុកកំណើត រស់នៅខេត្តបាត់ដំងបង។ រីឯជនរងគ្រោះជាប្រពន្ធដែលស្លាប់នោះ មាន ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។ អ្នកទាំង២មានកូនស្រីជំទង់ម្នាក់ក្នុងបន្ទុក ហើយមានផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានលក់យកលុយទៅធ្វើផ្ទះថ្មីនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ធ្វើមិនទាន់រួចរាលនៅឡើយទេ។ ដោយឡែកប្តីឆ្លៀតលួចមានប្រពន្ធចុង បានធ្វើផ្ទះថ្មីអោយធំជាងផ្ទះខ្លួនឯង ទើបកើតជាវិបត្តិក្នុងក្រុមគ្រួសារ ទីបំផុតប្រពន្ធស្លាប់ ទុកអោយកូនស្រីម្នាក់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកប្តីជាឃាតក កំពុងស្ថិតក្នុការសាកសួរពីកងរាជអាវុធហត្ថស្រុកស្អាង តាមនីតិវិធី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print