ញូយ៉ក៖ បន្ទាប់ពីរដ្ឋញូយ៉ក ដែលត្រូវបានបិទសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 អស់រយះពេលប៉ុន្មានសប្តាហ៍មកហើយនោះ លោក អាន់ឌ្រូ គ្យូម៉ូ (Andrew Cuomo) អភិបាលរដ្ឋញូយ៉ក បានថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា នឹងចាប់ផ្តើមបើកដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ នៅក្រោយថ្ងៃទី១៥ ខែឧសភាខាងមុខនេះហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។
អភិបាលរដ្ឋញូយ៉ក បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «តំបន់ដែលទំនងជានឹងអាច បើកដំណើរការឡើងវិញនាពេលឆាប់ៗនេះ គឺជាតំបន់ភាគខាងជើង នៃញូវយ៉កចំណែកឯតំបន់ភាគខាងត្បូងវិញ អាចនឹងមានភាពស្មុគស្មាញបន្តិច»។ លោកអភិបាលបានសង្កត់ធ្ងន់ទៀតថាការសម្រេចចិត្តចុងក្រោយណាមួយ នឹងត្រូវធ្វើឡើងដោយផ្អែកលើការធ្លាក់ចុះជាក់ស្តែង នៃចំនួនករណីឆ្លងជំងឺ COVID-19 ថ្មីៗនៅរវាងពេលនេះរហូតដល់ថ្ងៃទី១៥ ឧសភាខាងមុខ។
លោក Cuomo អភិបាលរដ្ឋញូយ៉ក បានគូសបញ្ជាក់ថា ការបន្ធូរបន្ថយវិធានការរឹតត្បិត នឹងត្រូវអនុវត្តមុនគេនៅតំបន់ភាគខាងជើងនៃរដ្ឋញូយ៉ក តែមិនមែនទីក្រុងញូយ៉ក ដែលជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត នៅសហរដ្ឋអាមេរិកនោះទេ។
គួរបញ្ជាក់ថា រដ្ឋញូយ៉កតែឯងមិនត្រឹមតែជាតំបន់រងគ្រោះដោយសារ COVID-19 ជាងគេនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏ខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ ដោយមិនចាំបាច់គិតតែករណីឆ្លងជំងឺ COVID-19 សរុបទាំងអស់នៅទូទាំងប្រទេស មហាអំណាចមួយនេះឡើយ។
គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសានេះតែម្តង ចំនួនករណីឆ្លង COVID-19 នៅអាមេរិកសរុប ៩៨៧,១៦០ករណី ក្នុងនោះស្លាប់សរុប៥៥,៤១៣នាក់ និងជាសះស្បើយវិញ ១១៨,៧៨១នាក់៕ដោយ៖ស តារា