ខេត្តបន្ទាយមានជ័យ៖ ស្រូវប្រាំងសរុបជិត៥០០ហិកតា របស់ប្រជាកសិករជាង៣០០គ្រួសារ រស់នៅក្នុងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា កំពុងរងផលប៉ះពាល់ និងអាចឈានដល់រងការខូចខាត បើសិនគ្មានវិធានការជួយសង្គ្រោះស្រូវប្រាំងទាំងនោះបាន គ្រាដែលខេត្តបន្ទាយមានជ័យ ជួបនឹងភាពរាំងស្ងួត ខ្វះទឹកប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋក្នុងរដូវប្រាំងឆ្នាំនេះ ហើយទឹកស្ទឹង បឹងបួរ មួយចំនួនធំ នៅខេត្តបន្ទាយមានជ័យ កំពុងតែរីងស្ងួតជាបណ្តើរៗនោះហើយផងដែរ។
ភាពរាំងស្ងួតត្រូវគេនិយាយថា នៅឆ្នាំ២០១៦ ដែលសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានអោយដឹងថា កម្ពុជានឹង ប្រឈមការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃតាមតំបន់មួយចំនួ ហើយរហូតដល់ពាក់កណ្តាលខែ កក្កដា ឆ្នាំ២០១៥ ទើបបាតុភូតត្រជាក់ La Nina មានឥទ្ធិពលមកលើកម្ពុជាវិញ ហើយភ្លៀងក៏នឹងចាប់ផ្តើមធ្លាក់នា ពេលនោះផងដែរ ។
ដើម្បីដោះស្រាយបញ្ហាជួយសង្គ្រោះស្រូវជិត៥០០ហិកតាខាងលើ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ មន្ត្រីជំនាញ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅប្រជុំត្រួតពិនិត្យ និងដាក់ផែនការថានឹងត្រូវដោះស្រាវបែបណាក្នុងការជួយសង្គ្រោះស្រូវប្រាំងជិត៥០០ហិកតានៅសង្កាត់កោះពងសត្វនោះ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា កន្លងមកអាជ្ញាធរសង្កាត់កោះពងសត្វ បានស្នើសុំអាជ្ញាធរខេត្តនូវប្រេងចំនួន១៥០០លីត្រ សម្រាប់បូមទឹក ជួយសង្គ្រោះស្រូវខាងលើ ហើយការស្នើសុំនោះ អាជ្ញាធរខេត្តគ្រោងនឹងពិនិត្យដោះស្រាយជូនអាជ្ញាធរសង្កាត់យកទៅចាត់ចែង។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសារាចរណ៍ណែនាំឱ្យប្រាពលរដ្ឋ សុំឱ្យប្រជាកសិរទាំងអស់ធ្វើស្រូវប្រាំងតែមួយដងនោះទេ ពីព្រោះថា ប្រទេសកម្ពុជានៅឆ្នាំនេះត្រូវអ្នកជំនាញព្យាករណ៍ឱ្យដឹងថាបានទទួលរងនូវបាតុភូតកម្តៅធ្វើឱ្យរដូវវស្សាមានភ្លៀងធ្លាក់តិចតួចនឹងបង្កអោយរដូវវស្សាមកយឺតនៅដើមរដូវវស្សា ជាហេតុធ្វើឱ្យប្រទេសកម្ពុជា ប្រឈមនឹងជួបគ្រោះរាំងស្ងួត។
លោកក៏បាននែនាំអាជ្ញាធរមូលដ្ឋាន និងអំពាវនាវឱ្យប្រជាជនត្រូវប្រើប្រាស់ទឹកមានការសន្សំសំចៃកុំខ្ជះខ្ជាយ ហើយប្រជាពលរដ្ឋកុំពង្រីកការធ្វើស្រែប្រាំងបន្ថែមទៀត បើកាលណាប្រជាជននាំគ្នាធ្វើស្រូវប្រាំងបន្ថែមហើយនាំគ្នាបូមទឹកស្ទឹងយកទៅស្រោចស្រពធ្វើឱ្យបញ្ហាប្រឈមកង្វះទឹកកាន់តែប្រឈមខ្លាំងឡើង ៕
ដោយ៖ សំ វិច្ឆិកា