ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹង រករឿងឈ្លោះប្រកែកជាមួយបងប្រុសខ្លួនឯង ឈានដល់យកដុំឥដ្ឋ និងចបជីកវាយទៅលើបងបន្ថែមទៀត បណ្ដាលឲ្យរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនានេះ កើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ៖ជនសង្ស័យឈ្មោះ សយ ភាព ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ។ ចំណែកជនរងគ្រោះឈ្មោះ សេង ភក្រ្ត័ ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនរងគ្រោះនិងជនសង្ស័យត្រូវជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅភូមិខ្ពបក្រោម ឃុំខ្ពបស្រុកស្អាងខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងចាប់យក បានមាន៖ ដុំឥដ្ឋចំនួន១ និងចបជីកចំនួន១ ។
ប្រភពដដែលបន្ដថា នៅថ្ងៃ/ខែ/ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យឈ្មោះសយ ភាព បានផឹកស្រាស្រវឹងរួច បានជេរឌៀមដាមដាក់បងប្រុសរបស់ខ្លួនឈ្មោះ សេង ភក្រ្ត័(ជនរងគ្រោះ) ពេលនោះឈ្មោះ សេង ភក្រ្ត័ ទ្រាំមិនបានក៏ជេរតបតទៅវិញ ភ្លាមនោះក៏បានឈ្លោះប្រកែកគ្នា រួចហើយជនសង្ស័យឈ្មោះ សយ ភាព បានស្ទុះមកវាយឈ្មោះ សេង ភក្រ្ត័(ជនរងគ្រោះ)បណ្តាលអោយដួលទៅនឹងដី ហើយជនសង្ស័យបានយកដុំឥដ្ឋមកវាយក្បាល ជនរងគ្រោះ បណ្តាលអោយមានស្នាមហើមជាំថ្ងាស និងយកចបជីកមកវាយចំឆ្អឹងជំនីខាងឆ្វេងបន្ថែមទៀតមានស្នាមរលាត់ហើមជាំ និងវាយត្រូវខ្មងជើងខាងស្តាំរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ទៅកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ខ្ពប រួចឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សុំបញ្ជាក់ថា ជនសង្ស័យឈ្មោះ សយ ភាពជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងតែងតែរករឿងក្រុមគ្រួសារ និងវាយតប់បងប្រុសខ្លួនជាញឹកញាប់ផងដែរ៕
ដោយ៖ ស្អាងជ័យ