ខេត្តសៀមរាប៖ បុគ្គលិកអ៊ិនធឺណែតម្នាក់ ត្រូវខ្សែភ្លើងមានចរន្តឆក់ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម ស្លាប់ភ្លាមៗកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២០ នៅខាងត្បូងហាងខារ៉ាអូខេហ្វីលីង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុង-ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ 31ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញអ៊ីនធឺណិត មានទីលំនៅភូមិទី៤សង្កាត់ចុងឃ្នៀស ក្រុង-ខេត្តសៀមរាប។ ករណីស្លាប់បុគ្គលិកនេះម្ចាស់ក្រុមហ៊ុននអ៊ិនធឺណែតមិនបានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានដឹងនោះទេ ហើយសមត្ថកិច្ចបានទទួលដំណឹងនេះតាមបណ្តាញហ្វេសប៊ុកនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល បន្ទាប់ពីក្រុមគ្រួសារដឹកសពទៅតម្កល់ទុកនៅវត្តអាធ្វា ក្នុងសង្កាត់-ក្រុងសៀមរាបក៏ចុះទៅធ្វើកោសល្យវិច័យតែម្តង។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងក្រុមការងារចំនួន២នាក់ទៀត បានធ្វើការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតនៅកន្លែងកើតហេតុខាងលើ។ពេលនោះជនរងគ្រោះបានឡើងតខ្សែអ៊ិនធឺណែតតាមបង្គោលបណ្ដាលឱ្យប៉ះចំតំណខ្សែភ្លើងមានចរន្តឆក់ធ្លាក់ពីលើបង្គោលភ្លើងក្នុងកម្ពស់ជាង៤ម៉ែត្រដល់ដីផ្កាប់មុខបោកនឹងថ្ម ចំចិញ្ចឹម បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ៕
ដោយ÷ប្រាថ្នា