ខេត្តឧត្ដរមានជ័យ ៖លំនៅដ្ឋានមួយខ្នង បូករួមសម្ភារនៅក្នុងផ្ទះនិងរថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ កាលពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និ៤៩ នាទី យប់ ស្ថិតនៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែលរងដោយអគ្គិភ័យនេះមានទំហំ ៥ម៉ែត្រx៩ ម៉ែត្រ ជញ្ជាំងក្តារ ប្រក់ស័ង្កសី។ ម្ចាស់ផ្ទះឈ្មោះ បេ វុត្ថា ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរមន្រ្តីយោធាប្រពន្ធឈ្មោះ វ៉ាន់ សុខណា អាយុ ៤១ឆ្នាំ មានកូនចំនួន ២នាក់ ក្នុងបន្ទុក រស់នៅភូមិកើតហេតុខាងលើ ។
ក្រោយទទួលបានពត៌មាននេះភ្លាមកម្លាំង អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពឹលបាន ចេញរថយន្ដពន្លត់អគ្គិភ័យ ១គ្រឿងទៅបាញ់ទឹកដល់កន្លែងកើតហេតុភ្លាមៗ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីនេះបណ្តាលឲ្យខូចខាតរួមមាន៖ ផ្ទះ ០១ខ្នង ទំហំ ៥ម៉ែត្រX៩ ម៉ែត្រ (ឆេះអស់ទាំងស្រុង) ម៉ូតូចំនួន ០២គ្រឿង រថយន្តដឹកដីម៉ាកហីុយ៉ាន់ដាយ ចំនួន ០១គ្រឿង នឹងសម្ភារមួយចំនួនទៀត ដែលបណ្ដាលមកពី ម្ចាស់ផ្ទះបញ្ឆេះម៉ាសុីនភ្លើងទុកចោល ហើយនាំប្រពន្ធកូនទៅលេងនៅក្រុងសំរោងបាត់៕
ដោយ÷ ប៉ែន នួន