កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រភពព័ត៌មានប្រចាំនៅក្នុងតំបន់បានផ្សព្វផ្សាយថា មេដឹកនាំក្រុមរដ្ឋអិស្លាមប្រចាំតំបន់ម្នាក់ រួមជាមួយសមាជិកខ្មាន់កាំភ្លើង១០នាក់ផ្សេងទៀតត្រូវបានសម្លាប់ដោយសារតែការវាយប្រហារពីលើដែនអាកាសតាមយន្តហោះគ្មានមនុស្សបើកបរ ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។
បណ្តាញព័ត៌មានទូរទស្សន៍ Tolo TV បានស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់ប្រចាំក្នុងតំបន់របស់អាហ្វហ្គានីស្ថានមកផ្សព្វផ្សាយថា មេដឹកនាំក្រុមរដ្ឋអិស្លាម IS ប្រចាំតំបន់ម្នាក់ គឺឈ្មោះ Hafiz Saeed ត្រូវបានសម្លាប់ រួមជាមួយក្រុមសកម្មប្រយុទ្ធ១០នាក់ផ្សេងទៀតផងដែរ ដោយសារតែការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើកបរ ដែលប្រតិបត្តិការឡើងនៅក្នុងតំបន់ Zhwara ស្រុក Achin ដែលសម្បូរដោយជ្រលងភ្នំ ស្ថិតនៅក្នុងខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន ។
ទោះបីយ៉ាងណាក៏ដោយ ប្រភពខាងលើនេះមិនបានបញ្ជាក់ច្បាស់លាល់អំពីកាលបរិច្ឆេទពិតប្រាកដនៅក្នុងការវាយប្រហារបណ្តាលឲ្យស្លាប់មេដឹកនាំ និងក្រុមសកម្មប្រយុទ្ធរដ្ឋអិស្លាមខាងលើនេះឡើយ ។
មានការលើកឡើងថា ដំបូងឡើយ មេភេរវកម្ម Saeed នេះបានងារជាមេបញ្ជាការមួយរូបរបស់ក្រុមឧទ្ទាម Tehreek-e- Taliban Pakistan (TTP) ប៉ុន្តែក្រោយមក មេដឹកនាំរូបនេះបានប្រកាសចូលខ្លួនស្ម័គ្រស្មោះជាមួយក្រុមរដ្ឋអិស្លាម ។
មន្ត្រីអាហ្វហ្គានីស្ថានមិនទាន់ធ្វើអត្ថាធិប្បាយយ៉ាងណានៅឡើយទេជុំវិញហេតុការណ៍ខាងលើនេះ ។
ក្រុមសកម្មប្រយុទ្ធដែលប្រកាសស្ម័គ្រស្មោះជាមួយក្រុមរដ្ឋអិស្លាម IS នោះ បានប្រកាសទទួលស្គាល់ការវាយប្រហារស្ថានកុងស៊ុលប៉ាគីស្ថានប្រចាំនៅក្នុងរដ្ឋធានី Jalalabad កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦កន្លងមកនេះបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស១០នាក់ និងក្នុងមានខ្មាន់កាំភ្លើង៣នាក់ផងដែរ និងជាង១០នាក់ផ្សេងទៀតរងរបួស ៕
ប្រែសម្រួល៖ ថាច់ យ៉ាត