មន្ត្រីនៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថានបានព្រមព្រៀងគ្នាទៅលើការរៀបគម្រោងចរចាសន្តិភាពសាជាថ្មី បន្ទាប់ពីការពន្យារពេលដោយសារតែការវាយប្រហារភេរវកម្មទៅលីបន្ទាយកងទ័ពជើងអាកាសប្រទេសឥណ្ឌានោះ ។
ប្រទេសឥណ្ឌាបានចោទប្រកាន់ក្រុម Jaish-e-Mohammad ដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាននោះជាអ្នកវាយប្រហារភេរវកម្មទៅលើបន្ទាយកងទ័ពជើងអាកាស Pathankot បណ្តាលឲ្យកងទ័ពឥណ្ឌា៧នាក់បាត់បង់ជីវិត និងក្រុមភេរវកម្ម៦នាក់ស្លាប់ ។
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦កន្លងមកនេះ មន្ត្រីប៉ាគីស្ថានបានប្រកាសថា កងសន្តិសុខបានចាប់ខ្លួនមនុស្សច្រើននាក់ដែលសង្ស័យថា ជាក្រុមរបស់ Jaish-e-Mohammad នោះ ហើយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ប្រទេសឥណ្ឌាបានប្រកាសថា ខ្លួនបាននិងកំពុងរៀបចំឲ្យមានជំនួបពិភាក្សារវាងថ្នាក់រដ្ឋលេខាធិការក្រសួងការបរទេសប្រទេសទាំងពីរ ។
ក្តីសង្ឃឹមសម្រាប់ទីក្រុងញូវដេលី នឹងទីក្រុងអ៊ិស្លាម៉ាបាដដើម្បីឲ្យមានសន្តិភាពនោះបានកើតមានឡើង នៅក្រោយពីនាយករដ្ឋមន្ត្រីឥណ្ឌា លោកណារ៉េនដ្រា ម៉ូឌី បានធ្វើទស្សនកិច្ចដោយគ្មានការរំពឹងទុកទៅកាន់ប្រទេសប៉ាគីស្ថាន ជួបជាមួយសមភាគីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ណាវាស់ សារីហ្វ អំឡុងពេលលោកនាយករដ្ឋមន្ត្រីឥណ្ឌាវិលត្រឡប់ពីការបំពេញទស្សនកិច្ចនៅប្រទេសអាហ្វហ្គានីស្ថាន ហើយភាគីទាំងពីរបានប្រកាសពីគម្រោងបន្តការចរចាសន្តិភាព ។ ប៉ុន្តែគម្រោងនេះបានអាក់ខាន មិនបានកើតឡើងនោះឡើយ ដោយសារតែការវាយប្រហារភេរវកម្មទៅលើទីបញ្ជាការកងទ័ពជើងអាកាសប្រទេសឥណ្ឌា ។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ មន្ត្រីឥណ្ឌា និងប៉ាគីស្ថានបានប្រកាសថា គម្រោងចរចាសន្តិភាពរវាងប្រទេសទាំងពីរគឺស្ថិតនៅក្នុងរបៀបវារៈដដែល ។
អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Qazi Khalilullah បានថ្លែងថា កិច្ចពិភាក្សារវាងប្រទេសទាំងពីរមិនអាចកើតឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នោះឡើយ ហើយការកំណត់ជ្រើសរើសយកពេលវេលាថ្មីមួយ បាននិងកំពុងស្ថិតក្នុងការពិចារណា ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Vikas Swarup បានថ្លែងថា រដ្ឋលេខាធិការក្រសួងការបរទេសប្រទេសទាំងពីរបានសម្រេចព្រមព្រៀងជួបពិភាក្សាគ្នានៅពេលវេលាមិនយូរនោះឡើយ គឺក្នុងពេលឆាប់ៗខាងមុខនេះ ។
លោក Vikas Swarup បានបញ្ជាក់ថា ឥណ្ឌាមានការសប្បាយចិត្តនៅពេលដែលប៉ាគីស្ថានបានដើរបោះជំហាននៅពេលនេះ គឺការចាប់ខ្លួនសមាជិកក្រុម Jaish-e-Mohammad ទាំងនោះ ។ សកម្មភាពប្រឆាំងទៅលើក្រុម Jaish-e-Mohammad ជាជំហានវិជ្ជមាន ។ យើងស្វាគមន៍ការបោះជំហានមួយនេះ ។
ឥណ្ឌាបានព្រមព្រៀងឲ្យក្រុមជំនាញប៉ាគីស្ថានចូលមកទឹកដីឥណ្ឌាដើម្បីស៊ើបអង្កេតករណីវាយប្រហារភេរវកម្មនៅបន្ទាយកងទ័ពជើងអាកាស Pathankot នោះផងដែរ ។ លោក Swarup បានបញ្ជាក់ថា យើងទន្ទឹងរង់ចាំដំណើរមកដល់របស់ក្រុមស៊ើបការណ៍ពិសេសប៉ាគីស្ថាន (SIT) ហើយភ្នាក់ងារស៊ើបអង្កេតរបស់យើងនឹងធ្វើរាល់កិច្ចសហប្រតិបត្តិការក្នុងករណីដែលចាំបាច់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត