ប្រភពព័ត៌មានប៊ីប៊ីស៊ី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦បានផ្សព្វផ្សាយ មន្ត្រីក្រសួងសុខាភិបាលប្រទេសសៀរ៉ាឡេអន(Sierra Leone ) បានប្រកាសថា ប្រទេសនេះមានករណីអ្នកជំងឺម្នាក់បានបាត់បង់ជីវិតដោយសារតែវីរុស អេបូឡា ក្រោយរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានប្រកាសយ៉ាងឱឡារឹកថា តំបន់អាហ្វ្រិកភាគខាងលិចលែងទទួលរងការគំរាមកំហែងពីវីរុសអេបូឡាទៀតទៅហើយនោះ ។
ប្រទេសសៀរ៉ាឡេអនបានប្រកាសថា ជាប្រទេសដែលរួចផុតពីការវាយលុកដោយវីរុសអេបូឡាកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយនៅក្នុងតំបន់អាហ្វ្រិកភាគខាងលិចទាំងមូលត្រូវប្រកាសចាត់ទុកថា ជាតំបន់ដែលគ្មានការគំរាមកំហែងពីវីរុសអេបូឡា បន្ទាប់ពីប្រទេសលីប៊ីរៀ (Liberia)បានប្រកាស កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ថា ប្រទេសនេះលែងមានវីរុសអេបូឡានោះ ។
ប៉ុន្តែការធ្វើតេស្តិ៍មនុស្ស២នាក់ដែលប៉ះពាល់ជាមួយអ្នកជំងឺដែលទទួលមរណាពនៅភាគខាងជើងស៊ៀរ៉ាឡេអន បានបង្ហាញឲ្យឃើញថា ពួកគេកំពុងតែផ្ទុកវីរុសដ៏មហាប្រល័យនេះ ។ នេះបើតាមអ្នកនាំពាក្យរបស់នាយកដ្ឋានធ្វើតេស្តិ៍រកវីរុសអេបូឡាប្រាប់ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ី ។
អ្នកជំងឺដែលបាត់បង់ជីវិតនោះបានកើតឡើងកាលពីដើមសប្តាហ៍នេះ ។
លោក Sidi Yahya Tunis អ្នកនាំពាក្យក្រុមធ្វើតេស្តិ៍រកវីរុសអេបូឡានោះបានប្រាប់ប៊ីប៊ីស៊ីថា អ្នកជំងឺបានបាត់បង់ជីវិត ស្ថិតនៅក្នុងស្រុក Tonkolili ។ អ្នកជំងឺបានធ្វើដំណើរត្រឡប់មកពីតំបន់ Kambia នៅជិតព្រំដែនជាមួយប្រទេស ហ្គីនៀ (Guinea)
ក្រុមអ្នកជំនាញសុខាភិបាលរបស់ចក្រភពអង់គ្លេសបានធ្វើតេស្តិ៍ស្វែងរកវីរុសនេះ ។ នៅពេលនេះ អាជ្ញាធរសុខាភិបាលបាននិងកំពុងស្វែងរកអ្នកទាំងឡាយណាដែលធ្លាប់ប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺដែលទើបបាត់បង់ជីវិត នេះ ។
ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣រៀងរហូតមកដល់ពេលនេះ វីរុសអេបូឡាបានធ្វើឲ្យមនុស្សជិត៤ពាន់នាក់បាត់បង់ជីវិត ដោយសារតែវីរុសអេបូឡា ស្ថិតនៅក្នុងប្រទេសស៊ៀរ៉ាឡេអន ។ នៅក្នុងតំបន់ទាំងមូល មនុស្សប្រមាណ១១.០០០នាក់ផ្សេងទៀតបានបាត់បង់ជីវិត ។
កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ អង្គការសុខភាពពិភពលោកបានប្រកាសថា តំបន់អាហ្វ្រិកភាគខាងលិចទាំងមូល បានរួចផុតពីវីរូសអេបូឡា ។ ការគំរាមកំហែងដោយសារវីរុសនេះស្ថិតក្នុងចំណុចមួយតិចបំផុត ។
ប្រទេសលីប៊ឺរៀជាប្រទេសចុងក្រោយគេបំផុតដែលគ្មានការគំរាមកំហែងពីវីរុសអេបូឡា ។ ប្រទេសនេះបានប្រកាស២លើកមកហើយថា ខ្លួនលែងមានវីរុសអេបូឡា ។ លើកដំបូងប្រកាសថា គ្មានវីរុសទេ ប៉ុន្តែគេបានរកឃើញ១ករណីកើតឡើង ហើយក្រោយមកទៀត គេប្រកាសម្តងទៀតថា លែងមានវីរុសអេបូឡា ប៉ុន្តែវាបានផ្ទុះឡើងថែមមួយករណីទៀត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត