ទស្សនៈ​ល្ងីល្ងើៈ​ បើ​ខ្លាំង​ប្តឹង​ទៅ​!​

ចែករំលែក៖

​នាយ​យើង​អង្គុយ​ផឹក​កាហ្វេ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្បែរ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ឮ​គេ​ជជែក​គ្នា​អំពី​សីលធម៌​គ្រូពេទ្យ​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​កើតឡើង​ថ្មីៗ​អំពី​គណៈ​គ្រូពេទ្យ​កម្ពុជា​ទទូច​ឲ្យ​លោក​បណ្ឌិត​ម្នាក់​សុំ​ទោស​ ដែល​និយាយ​ចោទប្រកាន់​ថា​ គ្រូពេទ្យ​ ស្ទើរតែ​៩​នាក់​ ក្នុង​ចំណោម​១០​នាក់​ ខ្វះ​ក្រមសីលធម៌​ ។​ ប៉ុន្តែ​លោក​បណ្ឌិត​អ្នកមាន​ទ្រព្យសម្បត្តិ​ម្នាក់​នោះ​ប្រកាស​ថា​ មិន​សុំ​ទោស​ជា​ដាច់ខាត​ ។​ ជជែក​ដល់​ត្រង់នេះ​ អុំ​ប្រុស​ម្នាក់​បាន​បន្ទរ​បែប​ទំនងជា​ចង់​ចំអក​ឲ្យ​គណៈ​គ្រូពេទ្យ​ផង​ក៏​មិនដឹង​ ដោយ​បាន​ស្រែក​ខ្លាំងៗ​ថា​ «​បើ​ពេទ្យ​ខ្លាំង​ប្តឹង​បណ្ឌិត​នោះ​ទៅ​!»​ ។​

​បុរស​ម្នាក់​ទៀត​ទំនងជា​មន្ត្រី​ពេទ្យ​ដែល​ចូល​និវត្តន៍​ លប​និយាយ​ខ្សឹបៗ​ថា​ «​ហ៊ាន​ប្តឹង​ហ្អី​!​ បើ​វា​បែប​នេះ​មែន​!»​ ។​

​អ្នក​ផ្សេង​ទៀត​ បាន​បញ្ចេញយោបល់​ប្លែកៗ​គ្នា​ ប៉ុន្តែ​ជា​ទូទៅ​ជំរុញ​ឲ្យ​ជម្រះ​មន្ទិល​សៅហ្មង​អំពី​បញ្ហា​នេះ​ ដោយ​គេ​យល់​ថា​ នៅ​គ្រា​ដែល​លោក​បណ្ឌិត​ម្នាក់​នោះ​មិន​សុំ​ទោស​ ដូច្នេះ​មាន​ន័យ​ថា​ អ្វី​ដែល​លោក​បណ្ឌិត​មាន​ប្រសាសន៍​ អំពី​បញ្ហា​គ្រូពេទ្យ​សព្វ​ថ្ងៃនេះ​ជា​រឿង​ត្រឹមត្រូវ​ ។​ ដូច្នេះ​ ដើម្បី​រកស​-​ខ្មៅ​ឲ្យ​ឃើញ​ មាន​តែ​ស្ថាប័ន​តុលាការ​មួយ​ប៉ុណ្ណោះ​ ។​ មតិ​ភាគច្រើន​នៅ​ក្នុង​ហាង​កាហ្វេ​ជំរុញ​ឲ្យ​គណៈ​គ្រូពេទ្យ​កម្ពុជា​ប្តឹង​បុគ្គល​ម្នាក់​នោះ​ ដើម្បី​រក​ភាព​ស្អាត​ត្រឹមត្រូវ​របស់​ខ្លួន​ ។​

​ប៉ុន្តែ​អ្នកខ្លះ​យល់​ថា​ អាច​នឹង​វ័​ន្ត​ក​ខ្លួនឯង​ទៅ​វិញ​ទេ​ គណៈ​គ្រូពេទ្យ​អើយ​!​ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ទទួលស្គាល់​ការ​ពិត​ ហើយ​កែប្រែ​ចំណុច​ខុសឆ្គង​អវិជ្ជមាន​ទាំងនោះ​ ទើប​គេ​ថា​ យើង​ជា​មនុស្ស​ខ្លាំង​ ហើយ​ត្រឹមត្រូវ​ ។​ ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​គណៈ​គ្រូពេទ្យ​ស្នើ​ឲ្យ​លោក​បណ្ឌិត​សុំ​ទោស​ជា​សាធារណៈ​នោះ​ មាន​ន័យ​ថា​ គ្រូពេទ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​ មិន​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​លោក​បណ្ឌិត​បាន​លើក​ឡើង​នោះ​ឡើយ​ ។​

​សម្រាប់​អ្នក​ផឹក​កាហ្វេ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ក៏​ដូច​ជា​បណ្តាជន​កម្ពុជា​ផ្សេង​ទៀត​គាំទ្រ​ប្រសាសន៍​លោក​បណ្ឌិត​និយាយ​ពី​រឿង​សីលធម៌​គ្រូពេទ្យ​នោះ​ ។​ បុរស​សក់ស​ម្នាក់​និយាយ​ថា​ បើ​មិន​ប្តឹងផ្តល់​ទេ​ ធ្វើ​ប្រជាមតិ​ទៅ​ថា​ តើ​គ្រូពេទ្យ​សព្វថ្ងៃ​វា​យ៉ាងម៉េច​?​ គាត់​និយាយ​បន្ត​ថា​ អ្នកមាន​លុយ​,​ អ្នកមាន​អំណាច​មួយ​ចំនួន​ពេល​មាន​ជំងឺ​ មិន​នៅ​ព្យាបាល​ក្នុងស្រុក​នោះ​ឡើយ​ គេ​មិនដឹង​ថា​ តើ​ស្ថានភាព​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងម៉េច​ទេ​ ។​

​ស្ថិត​ក្នុង​ដំណាក់កាល​នេះ​ ម្នាក់ៗ​សុទ្ធតែ​យក​ត្រូវ​រៀងខ្លួន​ ។​ ការ​នៅ​ស្ងៀម​របស់​គណៈ​គ្រូពេទ្យ​កម្ពុជា​ចំពោះ​ការ​មិន​សុំ​ទោស​របស់​លោក​បណ្ឌិត​ គឺ​ស្មើនឹង​មាន​ន័យ​ថា​ អ្វី​ដែល​លោក​បណ្ឌិត​បាន​និយាយ​ជា​ការ​ពិត​ ។​ ដូច្នេះ​បើ​គណៈ​គ្រូពេទ្យ​ចិត្តសឿង​ ប្តឹង​ម្តង​មើល​!​ ពូ​ម្នាក់​និយាយ​ថា​ កុំ​ប្តឹង​ ព្រោះ​ការ​ពិត​យើង​ជា​គ្រូពេទ្យ​យ៉ាង​ដូច្នោះ​មែន​!​ ។​

​សម្រាប់​នាយ​យើង​ មិន​កាន់ជើង​ខាង​ណា​ទេ​ ប៉ុន្តែ​ឮ​តែ​គេ​និយាយ​ថា​ ពេទ្យ​ស្រុក​ខ្មែរ​យើង​យ៉ាប់​ណាស់​ ។​ បើ​ទោះជា​ចង់​ដឹង​ស​-​ខ្មៅ​យ៉ាងណា​ក៏​ដោយ​ នាយ​យើង​មិន​ប្រាថ្នា​ឲ្យ​មាន​ជំងឺ​ដើម្បី​សាក​រសជាតិ​ពេទ្យ​ ព្រោះតែ​ចង់​ដឹង​ស​-​ខ្មៅ​នោះ​ឡើយ​ ៕​

...

ដោយ៖ នាយ​សូរ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print