ខេត្តកណ្តាល៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាFTRជិះគ្នា២នាក់បើកបោះពួយយ៉ាងលឿនជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាគុបជ្រុងធុន សេ៩០ពេញមួយទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូហុងដាគុបស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ ដោយឡែកបុរស២នាក់ជិះលើម៉ូតូហុងដាFTR រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
ឧបទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១ និង៣៥នាទី ទាបភ្លឺថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ២១B ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា អ្នកបើកបរម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល 1E-6526 ដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ឌី ណាវី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រផលិតទុយោ មានទីលំនៅក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ។ ដោយឡែកភាគីម៉ូតូម៉ាកហុងដាFTR ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BQ-9014 ដែលរងរបួសធ្ងន់នោះឈ្មោះ ចាន់ធី ចាន់ថុល ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ម្នាក់ទៀតជាអ្នករួមដំណើរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញមនុស្ស២នាក់ជិះម៉ូតូម៉ាកហុងដាFTR ឌុបគ្នាបើកបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវលេខ២១B ក្នុងទិសដៅពីក្រុងតាខ្មៅឆ្ពោះទៅស្រុកស្អាង ខណៈបើកដល់ចំណុចកើតហេតុខាងលើនេះ ក៏បានជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាគុបដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវថ្នល់ ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូគុបជ្រុងស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម រីឯមនុស្ស២នាក់ជិះលើម៉ូតូហុងដាFTRរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តទៀតថា ចំពោះមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកស្អាង ចុះធ្វើការវាស់វែងដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ