យុវជនម្នាក់បានរងរបួសបាក់ជើងម្ខាងបន្ទាប់ពីបើករថយន្តរបស់ខ្លួនទៅបុកជាមួយរថយន្តសណ្តោងរ៉ឺម៉កបើកច្រាស់ទិសគ្នា

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនម្នាក់បានរងរបួសបាក់ជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ បន្ទាប់ពីយុវជនរូបនេះបើករថយន្តរបស់ខ្លួនជ្រុលទៅបុកជាមួយរថយន្តធុនធំមានសណ្តោងរ៉ឺម៉ក ដែលបើកបរច្រាស់ទិសគ្នានៅលើកំណាត់ផ្លូវជាតិលេខ៤ ។

IMG-20160116-WA0010 (1)

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះរងរបួសបាក់ជើងម្ខាងនោះមានឈ្មោះ វិត ហុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិគាមមុន្នី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបររថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-8862 ។ ចំណែកឯរថយន្តធុនធំមានសណ្តោងរ៉ឺម៉កនោះម៉ាកហ៊ីណូ ពណ៌ស្លែ ពាក់ស្លាកលេខតាកែវ 3A-0705 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ខណៈបើកដល់ចំណុចខាងលើ ក៏បានជ្រុលចង្កូតទៅបុកគ្នាជាមួយរថយន្តសណ្តោងរ៉ឺម៉កដែលបើកបរច្រាស់ទិសគ្នាពេញមួយទំហឹងតែម្តង ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យបុរសជាអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ រងរបួសបាក់ជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ធ្វើឲ្យរថយន្ត២គ្រឿងរងការខូចខាតយ៉ាងដំណំ ។ បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ធ្វើកំណត់ហេតុតវាស់វែងដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

IMG-20160116-WA0008

IMG-20160116-WA0009

ដោយ៖ ស្អាងជ័យ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print