ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ៖ យ៉ាងតិចទីតាំងស្តុកឈើចំនួន២ នៅក្នុងឃុំដា ស្រុងមេមត់ ខេត្តត្បូងឃ្មុំរបស់ឧកញ៉ា សឹង សំអុល និងឧកញ៉ា លឹម ប៊ុនណា ហៅខ្នា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំចុះឡោមព័ទ្ធកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ។ ទីតាំងឃ្លាំងឈើរបស់ឧកញ៉ា សឹង សំអុល ត្រូវព្រះរាជអាជ្ញា ហៀង សុភក្រ្ត ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំងចុះឆែកឆេរ និងមានការចូលរួមផងដែរពីជំនាញរដ្ឋបាលព្រៃឈើ ប៉ុន្តែការឆែកឆេរនេះត្រូវបានខាងជំនាញរដ្ឋបាលព្រៃឈើ ថា មានប៉េសេត្រឹមត្រូវ ហើយក៏បានត្រឡប់ទៅកាន់ទីតាំងឃ្លាំងឧកញ៉ាលឹម ប៊ុនណា ហៅខ្នា ដើម្បីបន្តឆែកឆេរ ប៉ុន្តែដោយផុតម៉ោងរដ្ឋបាលក្នុងការឆែកឆេរ លោកហៀង សុភក្ត្រព្រះរាជអាជ្ញាក៏បានតម្រូវឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឡោមព័ទ្ធយាមកាមខាងក្រៅដើម្បីបន្តនីតិវិធីក្នុងការឆែកឆេរទីតាំងរបស់ឧកញ៉ា លឹម ប៊ុនណា បន្តទៀតនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ។
ដោយឡែក កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមួយក្រុមទៀតដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏បានចុះទៅឡោមព័ទ្ធទីតាំងលាក់ឈើដ៏ធំនៅចំណុចអូរគគី ឃុំរលួសស្រែចេស ស្រុកសំបូរ ខេត្តក្រចេះ ។
បើតាមសេចក្តីរាយការណ៍ពីកម្លាំងនៅទីនោះបញ្ជាក់ថា ឈើដ៏ច្រើនសន្ធឹកសន្ធាប់មានប្រភេទសុក្រំ អាចេឡាំង និងមួយចំនួនធំទៀតជាឈើហ៊ុប ជាឈើរបស់ឧកញ៉ា វ័ន្ត ប៊ុនថៃ ហៅឧកញ៉ាថៃ បានប្រមូលទិញពីប្រជាពលរដ្ឋ ឈ្មួញ ដឹកជញ្ជូនតាមគោយន្ត ចេញពីតំបន់ស្រុកកោះញែក យកមករក្សាទុកនៅទីនេះ ។
លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានដឹកនាំកម្លាំងទៅយាមកាមនៅទីនោះអស់ពេញមួយយប់ និងបន្តឡោមព័ទ្ធនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ រង់ចាំបញ្ជា និងបំពេញនីតិវិធី ។
គួររំលឹកផងដែរ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បានចេញសេចក្តីសម្រេចស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងនោះ ប្រការ១ ត្រូវបានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលមានសមាសភាពដូចខាងក្រោម៖
១ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន លោក ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលការពារព្រំដែន ជាអនុប្រធាន និងមានអភិបាលខេត្ត៦រូប ប្រធានរដ្ឋបាលព្រៃឈើ និងលោកផៃ ប៊ុនឈឿន តំណាងក្រសួងបរិស្ថាន ជាសមាជិក ៕ សុខ ខេមរា