ភ្នំពេញ៖ កូនស្រីតារាចម្រៀងជើងចាស់ លោក ហួរ ឡាវី គឺកញ្ញា វី ឌីណែត កាន់តែមានឈ្មោះបោះសំឡេងក្រោយពីតារាចម្រៀងរូបនេះអាចប្រជែងបានភាពលេចធ្លោរមួយចំនួនតាមរយៈស្នាដៃបទចម្រៀងនៅផលិតកម្មហង្សមាស។ កាន់តែធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលគឺក្រោយពីនាងបង្ហើបមុខគូស្នេហ៍អមដោយភាសាផ្អែមល្ហែមប៉ុន្តែតារាស្រីរូបនេះនៅមិនទាន់បង្ហាញអត្តសញ្ញាណគូស្នេហ៍ច្បាស់នៅឡើយ។
ក្រៅពីលេចមុខច្រើនលើបទចម្រៀងថ្មីៗ វី ឌីណែតក៏ទទួលបានឱកាសថតភាពយន្តឲ្យផលិតកម្មដែលនាងជ្រកផងដែរដែល ជាឱកាសបន្ថែមភាពលេចធ្លោរក្នុងការងារសិល្បៈ។បទចម្រៀងថ្មីៗរបស់នាងត្រូវបានដាក់បញ្ចូលក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាស រឿងរាជបុត្រកង្កែប។ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រនាងស្រឡាំងកាំងស្រាប់តែនាងបង្ហាញមុខគូស្នេហ៍ថ្មីតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។ គ្រាមុន នាងធ្លាប់ធ្វើឲ្យមានការយល់ច្រឡំពីសំណាក់អ្នកគាំទ្រថា កញ្ញាអាចនឹងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងលោក នី រតនា ប៉ុន្តែពាក្យចចាមអារ៉ាមនោះត្រូវបានបញ្ចប់ នៅពេលលោក នី រតនា បានចូលរោងការរួចមក។ ថ្មីៗនេះ កញ្ញា វី ឌីណែត បានបង្ហោះរូបថតនៅលើគណនី Instagram របស់ខ្លួន ជារូបគូរស្នេហ៍ជាមួយបុរសម្នាក់ អមជាមួយសាររៀបរាប់ថា៖ “Thank for always stay by my side បានន័យថាអរគុណដែលតែងនៅក្បែរខ្ញុំ”។ បុរសម្នាក់នោះទំនងអាចជាគូស្នេហ៍របស់តារាស្រីស្រស់សោភារូបនេះ ប៉ុន្តែគួរឲ្យសោកស្ដាយ កញ្ញាបានបិទអត្ថសញ្ញាណបុរសនោះដោយស្ទិកឃើ ទើបយើងមិនអាចមើលដឹងថា បុរសដ៏មានសំណាងរូបនោះគឺជានរណា។ តារាស្រីរូបនេះបានច្រានចោលការចោទជជីកសួររកអត្តសញ្ញាណបុរសដែលនាងពោលពាក្យផ្អែមល្ហែមទៅកាន់នេះ ដែលនាងថានឹងបញ្ជាក់នៅពេលក្រោយ៕
ដោយ វឌ្ឍនា