ភ្នំពេញ៖ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវ ដង្ហែទៅបញ្ចុះនៅស្រុកកំណើតផ្ទាល់ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតម្កល់បុណ្យប្រារព្វ ពិធីបុណ្យទក្ខិណានុប្បទានរយះពេល២យប់៣ថ្ងៃ តាមកន្លងប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹ: លេខ៤១ មហាវិថីសម្តេចសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គ្រោងនឹងប្រារព្វ ពិធីហែរទៅបញ្ចុះសពនៅស្រុកកំណើតផ្ទាល់របស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងកិច្ចជំរាបលា ជាលើកចុងក្រោយនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក លោកស្រី ត្រូវជាកូនបង្កើត កូនប្រសារ ចៅ ចៅទួតទាំងអស់ បានបូជាទៀនធូបសុំខមាលទោសជាលើកចុងក្រោយ នៅចំពោះមុខផ្ទាំងរូបថត និងមជ្ឈូសតម្កល់សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានធ្វើកម្មកិរិយាពីលោកយើងនេះ ទៅកាន់លោកខាងមុខ ដោយជរាពាធក្នុងជន្មាយុ៩៦វស្សា៕
ដោយ៖ សិលា