បរទេស ៖ថ្មីៗនេះប្រធានាធិបតីរបស់ប្រទេសម៉ាដាហ្គាស្កាលោក Andry Rajoelina កំពុងផ្សព្វផ្សាយការព្យាបាលជំងឺកូវីដ-19ដោយនិយាយថា អាចពឹងផ្អែកលើរុក្ខជាតិជាឱសថ ។ ទោះបីជាការលាយផ្សំពីរុក្ខជាតិនេះមិនទាន់ត្រូវបានសាកល្បងតាមបែបវិទ្យាសាស្ត្រក៏ដោយក៏មេដឹកនាំនៃបណ្តាប្រទេសអាហ្វ្រិកមួយចំនួនបានប្រកាសបញ្ជាទិញរុក្ខជាតិនេះ ។
ទាក់ទិនការផ្សព្វផ្សាយបែបនេះបើយោងតាមប្រភពពី REUTERS បានឲ្យដឹងថា នៅថ្ងៃចន្ទកន្លងមកនេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានដោយលើកឡើងថា រុក្ខជាតិឱសថដូចជា អាតេមីស្យា អាណូ (Artemisia annua) ដែលត្រូវបានគេប្រើព្យាបាលសម្រាប់មេរោគ COVID-19 គួរតែត្រូវបានធ្វើតេស្តពីប្រសិទ្ធភាពនិងផលប៉ះពាល់របស់វាសិន។
WHO បាននិយាយថាខ្លួនគាំទ្រឱសថបុរាណដែលបានបង្ហាញឲ្យឃើញតាមបែបវិទ្យាសាស្ត្រដោយបន្ថែមថា ថ្នាំផ្សំ និងឱសថជំនួយមានអត្ថប្រយោជន៍ជាច្រើន ។ កិច្ចខិតខំប្រឹងប្រែងដើម្បីរកវិធីព្យាបាលជំងឺ COVID-19 បានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីចំពោះរុក្ខជាតិនានាដូចជា អាតេមីស្យា អាណូ ដែលត្រូវបានគេស្គាល់ផងដែរថាជា ដើមដង្កូវផ្អែម នោះ។
ចំណែកការិយាល័យអនុតំបន់អាហ្វ្រិកសាហារ៉ានៃ WHO បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ទោះបីជាការព្យាបាលត្រូវបានមកពីការអនុវត្តតាមបែបប្រពៃណី និងធម្មជាតិក៏ដោយការបង្កើតប្រសិទ្ធភាព និងសុវត្ថិភាពរបស់ពួកគេតាមរយៈការសាកល្បងយ៉ាងតឹងរឹងគឺជារឿងចាំបាច់បំផុត។
WHO បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយស្ថាប័នស្រាវជ្រាវដើម្បីជ្រើសរើសផលិតផលឱសថបុរាណណាដែលអាចមានប្រសិទ្ធភាពព្យាបាល និងសុវត្ថិភាពសម្រាប់ការព្យាបាលជំងឺ COVID-19 ជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី ។ ត្រូវប្រយ័ត្នប្រយែងប្រឆាំងនឹងព័ត៌មានមិនត្រឹមត្រូវជាពិសេសនៅលើបណ្តាញសង្គមអំពីប្រសិទ្ធភាពនៃការព្យាបាលជាក់លាក់ ខណៈដែលកិច្ចប្រឹងប្រែងរបស់WHOស្ថិតក្រោមការស្វែងរកវិធីព្យាបាលសម្រាប់ជំងឺ COVID-19 នៅឡើយ។
WHOនិយាយទៀតថា “រុក្ខជាតិ និងសារធាតុជាច្រើនកំពុងត្រូវបានស្នើឡើងដោយមិនមានតម្រូវការអប្បបរមា និងភស្តុតាងនៃគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព” ។ ការប្រើប្រាស់ផលិតផលដែលមិនត្រូវបានស៊ើបអង្កេតស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់ អាចធ្វើឲ្យមនុស្សមានគ្រោះថ្នាក់ ប៉ះពាល់ដល់សន្តិសុខ ពិភពលោក៕