ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវជនរងគ្រោះចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីរូបគេបានធានាជាមួយជនរងគ្រោះថាយកគ្រឿងចក្រ(អេឡេវ៉ាទ័រ)ទៅជួសជុលក្នុងតម្លៃជិត២ម៉ឺនដុល្លារ បែរជាយកទៅបាត់រហូត ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោ៥និង១០នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ហើយយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ឃ្មួញ ខណ្ឌសែនសុខវិញ ព្រោះជាម្ចាស់ករណី ។
ជនសង្ស័យមានឈ្មោះ វ៉ាន់ ជឿង ភេទប្រុស អាយុ៤៥ ជនជាតិខ្មែរ មុខរបរជួសជុលគ្រឿងចក្រ ស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ តាំង យូហួត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរទទួលលើកឡាន ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវបេតុង ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ ។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ នៅវេលាម៉ោង២រសៀល ជនរងគ្រោះ បានហៅជនសង្ស័យឲ្យមកមើលក្រឿងចក្រ(អេឡេវ៉ាទ័រ)ដែលខូច ដើម្បីយកទៅជួសជុល ។ ក្រោយមកជនសង្ស័យបានសុំលុយចំនួន២៥០០ដុល្លារ ដើម្បីទៅទិញគ្រឿងបន្លាស់ហើយក៏ឲ្យម្ចាស់គ្រឿងចក្រនោះ(ជនរងគ្រោះ)ដឹកយកទៅឃ្លាំងជួសជុលគ្រឿងយន្តរបស់គេនៅ ផ្លូវលេខ១០១៩ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ លុះបានមួយរយះម្ចាស់គ្រឿងចក្រក៏ទៅមើលស្រាប់ តែបាត់ទាំងជនសង្ស័យនឹងគ្រឿងចក្រទាំងអស់ ។
លោកនាយប៉ុស្តិ៍បន្តថា ក្រោយមកជនរងគ្រោះទំនាក់ទំនងជនសង្ស័យមិនបាន ក៏មិនបានទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍នោះទេ ។ស្រាប់តែដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានឃើញជនសង្ស័យកំពុងជិះម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហមពាក់ស្លាកលេខតាកែវ1D6649 ក៏ឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញ នឹងដាក់ពាក្យបណ្តឹងចាត់ការតាមច្បាប់តែម្តង ។
សម្ភារបាត់បង់៖ លុយដុល្លារចំនួន២,៥០០ដុល្លារ , គ្រឿងចក្រឡេវ៉ាទ័រ ០១គ្រឿង តម្លៃ១៧,០០០ដុល្លារ ។សម្ភារបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហមពាក់ស្លាកលេខតាកែវ1D6649 របស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ៖ ចន្ទ លីហ្សា