ម៉ូស្គូ៖ ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ អាជ្ញាធរសុខាភិបាលប្រទេសរុស្ស៉ី បានប្រកាសថា រកឃើញអ្នកឆ្លងករណីថ្មីៗនៃជំងឺ COVID-19 រហូតទៅដល់១០,១០២ករណី ។ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១៥៥,៣៧០ករណី ។ ប៉ុន្តែនៅក្នុងរយៈពេលដូចគ្នានេះ រុស្ស៉ីក៏មានករណីស្លាប់ថ្មីចំនួន ៩៥ នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនករណីស្លាប់សរុបបានកើនដល់ ១,៤៥១នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។
ដោយឡែកសម្រាប់របាយការណ៍ស្តីអំពីករណីអ្នកជាសះស្បើយវិញ អាជ្ញាធរសុខាភិបាលរុស្ស៉ីបានគូសបញ្ជាក់ថា ចំនួនអ្នកត្រូវព្យាបាលជាបានកើនដល់១៩,៨៦៥ នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ១,៧៧០នាក់ទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។
រដ្ឋធានីម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេប្រចាំប្រទេសរុស្ស៉ី បានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន៥,៧១៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងមួយនេះ បានកើនដល់ទៅ៨០,១១៥ករណី។
គិតត្រឹមថ្ងៃចន្ទម្សិលមិញ មនុស្សចំនួន២២២,៥១០នាក់កំពុងស្ថិតក្រោមការឃ្លាំមើលតាមបែបវេជ្ជសាស្រ្ត រីឯអ្នកដែលបានធ្វើតេស្តរកជំងឺCOVID-19 នៅទូទាំងប្រទេសរុស្ស៉ី តាមរយៈមន្ទីរពិសោធន៍ បានកើនដល់៤,៤លាននាក់ ។ នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាជនរបស់រុស្ស៊ី ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ៕ដោយ៖ស តារា