ភ្នំពេញ៖ ជាទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា នាឱកាសនៃពិធីបុណ្យវិសាខបូជា ឆ្នាំនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកស្រី ទេព រង្សុី រួមជាមួយ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រោមឱវាទក្រសួងព័ត៌មាន បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
សូមរម្លឹកថា៖ បុណ្យពិសាខបូជា គឺជាបុណ្យដ៏ធំនិងសំខាន់បំផុតមួយក្នុងចំណោមបុណ្យដ៏សំខាន់ៗក្នុងពុទ្ធសាសនា ធ្វើនៅថ្ងៃទី ១៥ កើត ខែ ពិសាខ ដែលឆ្នាំនេះ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភានេះ។ ពិសាខបូជា គឺជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិក មិនមែនជាបុណ្យក្នុងបញ្ញត្តិ ពោលគឺជាបុណ្យដែលពុទ្ធបរិស័ទតាក់តែងឡើងដោយសារទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ហើយពុំមានជាការបញ្ញត្តិ ឬកំណត់ដោយព្រះពុទ្ធឱ្យធ្វើពិធីបុណ្យពិសាខបូជានេះឡើយ ។
បុណ្យពិសាខបូជា បានសេចក្តីថា ជាពិធីបុណ្យដែលគេធ្វើឡើងសម្រាប់គោរពបូជា ឬសម្រាប់រំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់ៗដែលកើតមានឡើងនៅក្នងខែពិសាខក្នុងនោះរួមមាន៖
១-កាលដែល ព្រះសិទ្ធត្ថ ( ព្រះពុទ្ធ) ទ្រង់ ប្រសូត (កើត) នៅ៨០ឆ្នាំ មុនពុទ្ធសករាជ នាលុម្ពិនីឧទ្យាន ក្រោមដើម សាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំ ច ។ ក្នុងគម្ពីរពុទ្ធសាសនាបានដំណាលថា ពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់ អាចយាងឈានជើងដើរបាន៧ជំហាន ឆ្ពោះទៅកាន់ឧត្តរទិស (ទិសខាងជើង) ហើយបន្លឺនូវ អាសភិវាចា គឺវាចាដ៏ឧត្តមថាៈ អាត្មាអញ ជា បុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុត លើលោក អាត្មាអញ ជាបុគ្គលប្រសើរបំផុតលើលោកនេះជាកំណើតចុងក្រោយបំផុតរបស់ អាត្មាអញ ឥឡូវនេះ ភពថ្មីពីនេះទៀតមិនមានឡើយ។
២-ក្រោយពី ព្រះសិទ្ធត្ថ រាជា ទ្រង់សាងព្រះផ្នួស អស់៦ឆ្នាំ ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរា នៅថ្ងៃពុធ ១៥កើត ខែ ពិសាខ ឆ្នាំ រកា មុនពុទ្ធសករាជ៤៥ឆ្នាំ។
៣-ព្រះពុទ្ធទ្រង់ចូលបរិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិ សេសនិព្វានក្នុងនគរកុសិនារា នាថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ មួយថ្ងៃមុនពុទ្ធសករាជ ៕
ដោយ៖ សុខ ខេមរា