ពេញមួយសប្តាហ៍រកឃើញយានយន្តល្មើសចំនួន ១៣,៩៦៨គ្រឿងត្រូវផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ ពេញមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃទី១-៧ ខែឧសភា ឆ្នាំ ២០២០នេះ សមត្ថកិច្ច្ចចុះប្រតិបត្តិការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមានយានយន្ដចំនួន១៣,៩៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសក្នុងនោះមានមានម៉ូតូ និងម៉ូតូកង់បី ចំនួន១០,៨១៥គ្រឿង ក្រៅពីនេះរថយន្ដ ទាំងអស់។

នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីល្ងាចថ្ងៃទី៧ ខែឧសភា នេះ។

 លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថាអំពើល្មើសនោះភាគច្រើន អត់មួកសុវត្ថិភាព, យានយន្តគ្មានស្លាកលេខ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវាត់, ល្មើសល្បឿន, ដឹកលើសចំណុះ, គ្មានបណ្ណបើកបរ និងការប្រើប្រាសទូរស័ព្ទពេលបើកបរជាដើម។

ឆ្លងកាត់សកម្មភាពបែបនេះអគ្គស្នងការដ្ឋាននគរបាលជាតិសូមធ្វើការវាយតម្លៃថា រយៈពេល៧ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។សូមថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេល៧ថ្ងៃមកនេះ។

លោកឧត្តមសេនីយឯកបញ្ជាក់ទៀតថា«ការបង្ខំផាកពិន័យបងប្អូនប្រព្រឹត្តល្មើសអនុក្រឹត្យលេខ៣៩នេះ គឺដើម្បីបង្ខំឲ្យបងប្អូនរាងចាល ដើម្បីឱ្យគាត់ងាកមកគោរពច្បាប់វិញ ហើយក្នុងពេលដែលសមត្ថកិច្ចបានធ្វើការផាកពិន័យ គឺប្រជាពលរដ្ឋ ដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍ បានទទួលយកនូវកំហុសឆ្គងនេះទាំងអស់គ្នា។

យ៉ាងណាលោកឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា «កងកម្លាំងនគរបាលជាតិ នៅតែប្តេជ្ញាចិត្តបន្តអនុវត្ត ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនគិតថ្ងៃសៅរ៍ អាទិត្យ ដើម្បីចាប់បង្ខំឱ្យអ្នកដែលមិ មិនគោរពច្បាប់ ងាកមកគោរពច្បាប់ទាំងអស់គ្នា ។ ការ ចូលរួមរបស់ប្រជាពលរដ្ឋ គឺកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយនូវការធ្វើឱ្យខូចខាតមធ្យោបាយ កាត់បន្ថយការខាតបង់ថវិការបស់ប្រជាពលរដ្ឋ កាត់បន្ថយរបួសស្នាម កាត់បន្ថយការស្លាប់ ជាពិសេសគឺសកម្មភាពចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដើម្បីភាពថ្លៃថ្នូរ ៕ដោយ÷ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print