អតីតកីឡាករជួយឲ្យអាល្លឺម៉ង់លើកពាន World Cup 2014 ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកក្លិប Bayern Munich

ចែករំលែក៖

អតីតអ្នកស៊ុតបាល់បញ្ចូលទីនាំមុខគ្រប់ពេលរបស់ជម្រើសជាតិអាឡឺម៉ង់លោក Miroslav Klose ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកក្លិប Bayern Munich សម្រាប់រដូវកាលក្រោយ។

បុរសវ័យ៤១ឆ្នាំរូបនេះធ្លាប់ជាគ្រូបង្វឹកយុវជននៅក្លិប Bayern Munich អស់រយៈពេល២ឆ្នាំ ហើយបន្ទាប់ពីចូលនិវត្តន៍ក្នុងនាមជាកីឡាករម្នាក់កាលពីឆ្នាំ២០១៦ ។ លោកបានចំណាយពេល៤រដូវកាលក្នុងនាមជាកីឡាករជាមួយក្រុម Bayern Munich តាំងពីឆ្នាំ២០០៧ ដោយឈ្នះពានរង្វាន់លីក និងឈ្នះពានជាកីឡាករឆ្នើមផងដែរ។

ក្រោយចុះហត្ថលេខាធ្វើជាជំនួយការក្លិបយក្សមួយនេះ លោក Klose បាននិយាយថា “នេះគឺជាជំហានបន្ទាប់ក្នុងអាជីពរបស់ខ្ញុំក្នុងនាមជាជំនួយការគ្រូបង្វឹក”។

លោក Hansi Flick អតីតគ្រូបង្វឹកក្រុម Bayern Munich ដែលបានបន្តកុងត្រាកាលពីខែមុនគឺជាគ្រូបង្វឹកជំនួយរបស់ជម្រើសជាតិអាល្លឺម៉ង់នៅពេលដែលលោក Klose បានជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈ្នះពានរង្វាន់ពិភពលោកឆ្នាំកាលពី២០១៤ ។

លោក Miroslav Klose បាននិយាយថា “យើងស្គាល់គ្នាយ៉ាងច្បាស់ចាប់តាំងពីពេលដែលយើងនៅក្នុងក្រុមជម្រើសជាតិ ហើយយើងជឿទុកចិត្តគ្នាទាំងវិជ្ជាជីវៈ និងការទំនាក់ទំនងផ្ទាល់” ។

កាលពីនៅជាកីឡាករ Miroslav Klose រកបាន៧១គ្រាប់ក្នុង១៣៧ប្រកួតសម្រាប់ជម្រើសជាតិអាល្លឺម៉ង់ចន្លោះឆ្នាំ២០០១ និងឆ្នាំ២០១៤ ។ ក្រៅពីជាកីឡាករជម្រើសជាតិ លោកក៏ធ្លាប់លេងឱ្យក្លិប Kaiserslautern, Werder Bremen និងក្លិប Lazio នៅអ៊ីតាលីផងដែរ ៕

ដោយ៖ ភិរក្ស

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print