ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ បានថ្លែងថា៖ លទ្ធផលគួរកត់សម្គាល់ក្នុងរយៈពេលមួយសប្តាហ៍នេះ គឺគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះបើប្រៀបធៀបរយៈពេលមួយសប្តាហ៍ចុងក្រោយមុនមានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ។
នៅលើ Facebook ផ្លូវការសម្តេចបានមានប្រសាសន៍ថា៖ អរុណសួស្តីបងប្អូនជនរួមជាតិជាទីគោរព!
ថ្ងៃម្សិលមិញនេះក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខ្ញុំបានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយស្តីពីការត្រួតពិនិត្យការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលមានរយៈពេលមួយសប្តាហ៍កន្លងមក ។ លទ្ធផលគួរកត់សម្គាល់ក្នុងរយៈពេលមួយសប្តាហ៍នេះ គឺគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះបើប្រៀបធៀបរយៈពេលមួយសប្តាហ៍ចុងក្រោយមុនមានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ។
សម្តេចបន្តថា៖ ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិដែលបានផ្ញើសារ និងការបញ្ចេញមតិនៅក្នុងផេកហ្វេសប៊ុករបស់ខ្ញុំផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារចូលរួមស្ថាបនានិងកែលំអរ ។ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិបន្តចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនានិងកែលំអរថែមទៀតដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែល្អប្រសើរឡើងគឺមានន័យថាអត្រាគ្រោះថ្នាក់ចរាចរណ៍នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមានរបៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ ៕
ដោយ៖ សុខ ខេមរា