រដ្ឋធានីប៉េកាំង៖ តាមរយៈព្រះករុណាព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក wang yi ក្នុងនាមថ្នាក់ដឹកនាំ និងប្រជាជនចិន សូមសម្តែងនូវការចងចាំមិនភ្លេច ចំពោះដំណើរទស្សនៈកិច្ច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញចុះសួរសុខទុក្ខប្រជាជនចិន ក្នុងពេលដែល ជម្ងឺកូវីត១៩ កំពុងផ្ទុះឡើង នៅទីក្រុងវូហាន ដែលវីរភាព ដ៏មោះមុត របស់សម្តេចតេជោ បានធ្វើអោយចំណងមិត្តភាព រវាងប្រជាជននៃប្រទេសយើងទាំងពីរ កាន់តែទទួលបាននូវភាព រឹងមាំ និងជ្រាលជ្រៅថែមទៀត។
លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនមានប្រសាសន៍បែបនេះក្នុងឱកាសដែលលោកអញ្ជើញរៀបចំព្រះរាជពិធីលៀងសាយភោជន៍ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅយ៉ាងមហោឡារិក នៅផ្ទះសំណាក់ភ្ញៀវរដ្ឋ ដាយយូតៃ ក្នុងរដ្ឋធានីប៉េកាំង នារាត្រីថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២០។
លោក Wang YI បានក្រាបបង្គំទូលថ្វាយ អំពីសេចក្តីផ្តាំផ្ញើការសាកសួរអំពីព្រះរាជសុខភាព ប្រកប ដោយការគោរពដ៏ខ្ពង់ខ្ពស់ និងការថ្វាយព្រះពរជ័យសិរីមង្គលពីសំណាក់ លោក ស៊ី ជិនពីញ ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លោក wang yi មានប្រសាសន៏ទូលថ្វាយថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងលោក ស៊ី ជិនភិញ ប្រធានាបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី peng liyuan មានព្រះរាជហឬទ័យ និងសេចក្តី គោរពស្រឡាញ់រាប់អាន ប្រៀបដូចជាគ្រួសារតែមួយ។
មានព្រះរាជឱង្កាសំណេះសំណាលក្នុងឱកាសដ៏ប្រសើរនោះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បួង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះលោក wang yi ដែលបានថ្វាយនូវព្រះរាជវន្ទនកិច្ច ថ្វាយព្រះពរស្វាគមន៏ និងរៀបចំថ្វាយនូវព្រះរាជពិធីលៀងសាយភោជន៏ ប្រកបដោយភាពខ្ពង់ខ្ពស់ជាមហាព្រះកិត្តិយស ក្នុងឱកាសដ៏ថ្លៃថ្លានេះ និងបានពាំនាំមកនូវបណ្តាំសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក អំពីលោក ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី ថ្វាយព្រះអង្គនិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងព្រះបរមនាម ព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ លោកប្រធានាធិបតីនៃ សាធាណររដ្ឋ ប្រជាមានិតចិន និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំកំពូលៗចិន ដែលតែងតែបាន ថ្វាយព្រះពរស្វាគមន៏ព្រះអង្គទាំងទ្វេ គង់ប្រថាប់នៅសាធារណៈរដ្ឋប្រជាមានិតចិន និងថែមទាំងបានចាត់ក្រុមសាស្ត្រាចារ្យវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យប៉េកាំង ពិនិត្យ និងព្យាបាល ព្រះរាជសុខភាព ថ្វាយព្រះអង្គទាំងទ្វេ ដោយយកចិត្តទុកដាក់បំផុត។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យ សម្តែងនូវកាតញូតាធម៌ ជាអនេកកប្បការចំពោះគុណូប្បការៈ ដ៏មហាសបប្បុរថ្លៃថ្លៃ របស់ឯកឧត្តម xi jingping ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន បក្សកុម្មុយនីស្ត រដ្ឋាភិបាល និងមហាប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាង និងមានតម្លៃយ៉ាងធំធេងចំពោះប្រជាជនកម្ពុជា។
លោក wang yi សន្យានិងពាំនាំព្រះរាជបណ្តាំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនទៅលោក xi jingping ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន និងលោកជំទាវ។ លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះទំនាក់ទំនងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ ចិន កម្ពុជា ជាបងប្អូនដែលមាន ការរីកចម្រើនក្នុងលក្ខណៈល្អពិសេសក្រោមការត្រួសត្រាយ នូវមាគ៌ាដ៏ត្រចេះត្រចង់ ដោយព្រះរាជតម្រិះ ដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនិងភាពវាងវៃប៉ិនប្រសប់បំផុតរបស់ថ្នាក់ដឹកនាំកំពូលចិន មានច្រើនជំនាន់មកហើយ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជន នៃប្រទេសទាំងពីរ ។
លោក wang yi សូមកោតសរសើដ៏ខ្ពង់ខ្ពស់ មកដល់តំណាក់កាលថ្មីជាប្រវត្ថិសាស្ត្រនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការបន្តវេន ថែរក្សា និងលើកតម្កើង ចំណងមេត្រីភាពរវាង ចិន កម្ពុជា ជាប្រពៃណី អោយមានភាពថ្កុំថ្កើន និងស្និទ្ធស្នាល នៅគ្រប់ពេលវេលា ។
លោក yang yi មានសេចក្តីរំភើបរីករាយជាខ្លាំង ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសយើងទាំងពីរ ចិន កម្ពុជា ក្នុងពេលសព្វថ្ងៃ ដែលយើងកំពុង រួមសាមគ្គីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុលជ្រោយ ហើយប្រទេសយើងទាំងពីរ បានកសាងសហគមន៏វាសនារួម ដែលធ្វើអោយប្រទេសយើងទាំងពីរ តទៅអនាគតនឹងសម្រេចបាននូវការអភិវឌ្ឍន៏ រីកចម្រើនលើគ្រប់វិស័យ។
លោក yang yi បានទូលថ្វាយផងដែរអំពី ស្ថានភាពជម្ងីកូវីត១៩ នៅសាធារណរដ្ឋ ប្រជាមានិតចិន ហើយឯកឧត្តម បានទូលថ្វាយអំពីដង្វាយរបស់រដ្ឋាភិបាល សាធារណរដ្ឋ ប្រជាមានិតចិន មានជាម៉ាស់ចំនួន ២សែន ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីព្រះអង្គប្រើប្រាស់ តាមសព្វព្រះរាជហឬទ័យ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជម្ងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ពីទូរទស្សន៍ជាតិកម្ពុជា