កំពត៖លោក ថម ជាជនជាតិអាមេរិកកាំង ដែលត្រូវបានប្អូនធម៌ គឺ លោក អ៊ុក បញ្ញា និង ភរិយា បន្លំយកដី តែក្រោយមកបានប្រគល់ដីជូន៦ប្លង់វិញ នោះ ធ្វើអោយប្រជាពលរដ្ឋ សម្តែងជាចម្ងល់ថា «តើលោក អ៊ុក បញ្ញា និង ភរិយា អាចប្រឈមមុខនឹងផ្លូវច្បាប់ដែរឬទេ?» ។
ដើម្បីស្រាយចម្ងល់នេះ លោក ជាវ តាយ អភិបាលខេត្តកំពត ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះ ថា ករណីនេះ គឺ បញ្ចប់ដោយសន្តិវិធី ពោលគឺឈ្នះឈ្នះទាំងអស់គ្នា ដោយលោក អ៊ុក បញ្ញា និង ភរិយា មិនប្រឈមមុខផ្លូវច្បាប់ទេ ព្រោះបានប្រគល់ដីជូនលោក ថម វិញ ដោយស្ម័គ្រចិត្ត ។
លោកអភិបាលខេត្តកំពត អះអាងថា ករណីនេះ ដោយសារលោក អ៊ុក បញ្ញា និង ភរិយា ព្រមប្រគល់ដីវិញដោយស្ម័គ្រចិត្ត ទើបរឿងនេះ បញ្ចប់ទៅ ដោយនយោបាយឈ្នះឈ្នះទាំងអស់គ្នា ។
សូមបញ្ជាក់ថា មូលហេតុដែលធ្វើអោយលោក អ៊ុក បញ្ញា និង ភរិយា ព្រមប្រគល់ដីជូនលោក ថម វិញ ដោយស្ម័គ្រចិត្ត បែបនេះ បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចេញផ្សាយរឿងនេះ រហូតមានអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាអោយលោក ជាវ តាយ អភិបាលខេត្តកំពត ដោះស្រាយបញ្ហានេះ ជាបន្ទាន់។
តែគួរបញ្ឈប់ទៅនូវវប្បធម៍ គំនិតទុចរិតយកដីគេនេះ តាមពិតអ្នកត្រូវមានទោស ហើយតុលាការគួរពិចារណារឿងនេះឡើងវិញផង ជារឿងព្រហ្មទណ្ឌ ឬជារឿងរដ្ឋប្បវេណី..! តែករណីនេះត្រូវបានបញ្ចប់ត្រឹមហ្នឹង..!
ដោយ៖ ចេស្តា