ប្រទេសចិន៖ បន្ទាប់ពីមានករណីឆ្លងនៃវីរុសCOVID-19 ជាចង្កោមថ្មី នៅទីក្រុង Jilin នៃខេត្ត Jilin ជាប់កូរ៉េខាងជើងរួចមក អាជ្ញាធរចិនបានសម្រេចបិទមួយផ្នែក ដើម្បីទប់ស្កាត់ និងការពាររលកឆ្លងលើកទី២ នៃCOVID-19 ។
តាមការចុះផ្សាយរបស់កាសែត South China Morning Post នាថ្ងៃទី១៣ ខែឧសភានេះថា បន្ទាប់ពីរាយការណ៍ថា មានករណីឆ្លងកូរ៉ូណាវីរុសជាចង្កោមចំនួន ៦ករណី ក្នុងក្រុង Jilin នាថ្ងៃទី១២ ខែឧសភា រដ្ឋាភិបាលប្រចាំតំបន់ បានបញ្ជាឲ្យមានការរឹតត្បិតការធ្វើដំណើរទាំងអស់នៅក្នុងទីប្រជុំជននៃទីក្រុងJilin។
«ការផ្ទុះកូរ៉ូណាវីរុសក្នុងពេលថ្មីៗនេះ គឺធ្ងន់ធ្ងរ និងស្មុគស្មាញណាស់ ជាពិសេសវានឹងបង្កឲ្យមានការរីកសាយភាយដ៏ធំមួយ»។ អភិបាលរងម្នាក់នៃក្រុង Jilin បានលើកឡើងបែបនេះ នាសន្និសីទកាសែតតាមអនឡាញ នៅថ្ងៃទី១៣ ខែឧសភា ដោយបន្ថែមថា ដើម្បីទប់ស្កាត់ការរីកសាយភាយនៃ COVID-19 រដ្ឋាភិបាលតំបន់ បានសម្រេចអនុវត្តវិធានការរឹតត្បិតនៅក្នុងតំបន់ទីប្រជុំជននៃទីក្រុង Jilin តំបន់អាគារស្នាក់នៅ និងភូមិជនបទក្នុងទីក្រុងទាំងអស់។
តាមរយៈវិធានការបិទក្រុងនេះ រដ្ឋាភិបាលក្រុង Jilin បានបញ្ជាឲ្យបិទរថភ្លើង សេវារថយន្តក្រុងចម្ងាយឆ្ងាយ ហាមឃាត់ការជួបប្រជុំរោងភាពយន្ត ហាងកាហ្វេ សាលារៀនជាដើមត្រូវបិទទាំងអស់ ដើម្បីបង្ការករណីឆ្លងជាចង្កោម ការឆ្លងជាសហគមន៍ ក៏ដូចជាការទប់ស្កាត់ការរាតត្បាតនៃរលកឆ្លងទី២ នៃ COVID-19 នៅក្នុងប្រទេស។
គួរបញ្ជាក់ថា ទីក្រុង Jilin គឺជាក្រុងធំជាងគេលំដាប់ទីពីរ បន្ទាប់ពីក្រុង Changchun នៃខេត្ត Jilin។ រាល់ប្រជាជនទាំងអស់ ដែលចង់ចាកចេញពីទីក្រុង ត្រូវតែមានរបាយការណ៍សុខភាពបញ្ជាក់ពីលទ្ធផលអវិជ្ជមាននៃកូរ៉ូណាវីរុស ក្នុងរយៈពេល ៤៨ម៉ោងជាមុនសិន ៕ដោយ៖ស តារា