ចិនសម្រេចបិទខេត្តមួយ ជាប់​កូរ៉េខាងជើង បន្ទាប់ពីរកឃើញករណីឆ្លងCOVID-19ថ្មី ជា​ចង្កោម នៅក្នុង​ប្រទេស

ចែករំលែក៖

ប្រទេសចិន៖ បន្ទាប់ពី​មាន​ករណី​ឆ្លង​នៃវី​រុស​COVID-19 ជា​ចង្កោម​ថ្មី នៅទីក្រុង Jilin នៃ​ខេត្ត Jilin ជាប់​កូរ៉េខាងជើងរួចមក អាជ្ញាធរចិនបានសម្រេចបិទ​មួយផ្នែក​ ដើម្បី​ទប់ស្កាត់​ និងការពារ​រលក​ឆ្លង​លើក​ទី​២ នៃ​COVID-19​ ។

តាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post នា​ថ្ងៃទី​១៣ ខែឧសភានេះថា បន្ទាប់ពី​រាយការណ៍​ថា មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ជា​ចង្កោម​ចំនួន ៦​ករណី ក្នុង​ក្រុង Jilin នា​ថ្ងៃទី​១២ ខែឧសភា រដ្ឋាភិបាល​ប្រចាំ​តំបន់ បាន​បញ្ជា​ឲ្យ​មានការ​រឹតត្បិត​ការធ្វើដំណើរ​ទាំងអស់​នៅក្នុង​ទីប្រជុំជន​នៃ​ទីក្រុង​Jilin​។

«​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ក្នុងពេល​ថ្មីៗ​នេះ គឺ​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ​ណាស់ ជាពិសេស​វា​នឹង​បង្ក​ឲ្យ​មានការ​រីកសាយ​ភាយ​ដ៏​ធំ​មួយ​»​។ អភិបាលរង​ម្នាក់​នៃ​ក្រុង Jilin បានលើកឡើង​បែបនេះ នា​សន្និសីទកាសែត​តាម​អន​ឡាញ នៅ​ថ្ងៃទី​១៣ ខែឧសភា ដោយ​បន្ថែមថា ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ COVID-19 រដ្ឋាភិបាល​តំបន់ បានសម្រេច​អនុវត្ត​វិធានការ​រឹតត្បិត​នៅក្នុង​តំបន់​ទីប្រជុំជន​នៃ​ទីក្រុង Jilin តំបន់​អាគារ​ស្នាក់នៅ និង​ភូមិ​ជនបទ​ក្នុង​ទីក្រុង​ទាំងអស់​។

​តាមរយៈ​វិធាន​ការបិទ​ក្រុង​នេះ រដ្ឋាភិបាល​ក្រុង Jilin បាន​បញ្ជា​ឲ្យ​បិទ​រថភ្លើង សេវា​រថយន្តក្រុង​ចម្ងាយ​ឆ្ងាយ ហាមឃាត់​ការជួបប្រជុំរោងភាពយន្ត ហាង​កាហ្វេ សាលារៀន​ជាដើម​ត្រូវ​បិទ​ទាំងអស់ ដើម្បី​បង្ការ​ករណី​ឆ្លង​ជា​ចង្កោម ការឆ្លង​ជា​សហគមន៍ ក៏ដូចជា​ការទប់ស្កាត់​ការ​រាតត្បាត​នៃ​រលក​ឆ្លង​ទី​២ នៃ COVID-19 នៅក្នុង​ប្រទេស​។

​គួរបញ្ជាក់ថា ទីក្រុង Jilin គឺជា​ក្រុង​ធំជាងគេ​លំដាប់​ទី​ពីរ បន្ទាប់ពី​ក្រុង Changchun នៃ​ខេត្ត Jilin​។ រាល់​ប្រជាជន​ទាំងអស់ ដែល​ចង់​ចាក​ចេញពី​ទីក្រុង ត្រូវតែមាន​របាយការណ៍​សុខភាព​បញ្ជាក់​ពី​លទ្ធផល​អវិជ្ជមាន​នៃ​កូ​រ៉ូ​ណាវី​រុស ក្នុង​រយៈពេល ៤៨​ម៉ោង​ជាមុនសិន​ ​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print