ខេត្តកំពង់ឆ្នាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រ ខេត្ដកំពង់ឆ្នាំង បាននាំយកថវិកាចំនួន១៤៣,៩៣៧,៦០០រៀល ទៅប្រគេន វត្ដនរាយណ៍រង្ស៊ី និងវត្ដសិរីសួស្ដី ស្ថិតនៅឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលបានមកពីបុណ្យផ្កាសាមគ្គី រួមជាមួយ និងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមកសាងនូវសមិទ្ធផលនានា ដែលកំពុងខ្វះខាត និងបាន ចូលរួមលើស្ទួយវិសយ័ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងតាមសំណូមពរពីព្រះសង្ឃនិងពុទ្ធបរិស័ទ យកមកកសាង ដែលបច្ចុប្បន្ន វត្ដទាំងពីនេះមានសភាពចាស់ទ្រុឌទ្រោម ។ពិធីដង្ហែរអង្គផ្កានាំយកថវិកា ទៅប្រគេន វត្ដទាំងពីនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ។
សម្ដេចចៅហ្វាវាំង បានបញ្ជាក់ថា៖ បច្ច័យដែលប្រមូលបានពីអង្គផ្កាសាមគ្គី នាពេលនេះមាន ១៤៣៩៣៧,៦០០រៀល (មួយរយសែសិបបីលានប្រាំបួយរយសាមសិបប្រាំពីរពាន់ប្រាំមួយរយរៀល) ដោយក្នុងនោះ ដើម្បីឲ្យឆ្លើយតបតាមសំណូមពរ របស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ដ សម្ដេចក៏បានសម្រេចប្រគេន សម្រាប់វត្តនរាយណ៍រង្ស៊ី ចំនួន៧២,១៤៥,៩០០រៀល (ចិតសិបពីរលាន មួយរយសែសិបប្រាំពាន់ប្រាំបួនរយរៀល) និង ប្រគេនវត្តសិរីសួស្តី ចំនួន៧១,៧៩០,៧០០រៀល ( ចិតសិបមួយលានប្រាំពីររយកៅសិបពាន់ប្រាំពីររយរៀល ) ។
ក្នុងឱកាសនោះផងដែរ សម្តេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ថា៖ ថ្នាក់ដឹកនាំក៏ដូចរាជរដ្ឋាភិបាល តែងតែបានយកចិត្តទុកដាក់ជានិច្ច គិតគួរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសថ្នាក់ ដឹកនាំ នៅក្នុងជួរ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានចូលរួមចំណែកយ៉ាងធំធេង ដល់ការកសាង និង អភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង ឲ្យមានការអភិវឌ្ឍ រីកចម្រើន លើគ្រប់ស័យទាំងវិស័យ ពុទ្ធចក្រ និងអាណាចក្រ និយាយរួម និងនិយាយដោយឡែក សម្រាប់វិស័យពុទ្ធចក្រអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានចូលរួមកសាងនូវសមិទ្ធផលនានា នៅតាមបណ្តាវត្តជាច្រើន នៅក្នុងខេត្ត កំពង់ឆ្នាំងនេះ ដើម្បីផ្តល់ជាទីគោរពសក្ការៈ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
សម្ដេចចៅហ្វាវាំងបានបន្ដថា៖ អង្គផ្កាសាមគ្គីនេះ គឺបានធ្វើឡើង តបតាមការសន្យារបស់សម្តេចចៅហ្វាវាំង រួមជាមួយ និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត កាលពីម្សិលមិញ ។ ហើយក្នុងឱកាសនេះ សម្តេចចៅហ្វាវាំង ក៏បានសំណូមពរដល់ គណៈកម្មការវត្តទាំងពីរខាងលើ ត្រូវយកបច្ច័យដែលបានប្រមូលបាននាពេលនេះ យកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសយកទៅកសាងនូវសមិទ្ធផលនានា ដែលជាតម្រូវ ការចាំបាច់ សម្រាប់ជាទីគោរពសក្ការៈរបស់បងប្អួនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ៕
ដោយ៖ សំរិត