លីកកំពូលអង់គ្លេស Premier Leagueបានប្រកាសឲ្យកីឡាករទាំងអស់ចូលរួមមកហ្វឹកហាត់ ឡើងវិញបន្ទាប់ពីខកខានរយៈពេលជាង៣ខែមកហើយ ដោយសារតែវិបត្តិកូវីដ១៩។ ការប្រកាសនេះត្រូវបាន កំណត់ថា នៅពេលការហ្វឹកហាត់ត្រលប់មកវិញ ប្រសិនបើកីឡាករណាមិនមកហ្វឹកហាត់ ក្លិបទាំងអស់មិនគួរបង់ប្រាក់ឈ្នួលឲ្យកីឡាករទាំងនោះទេ ។
មន្ត្រីជាន់ខ្ពស់Premier Leagueនិយាយថា ” ខ្ញុំគិតថាបើពួកគេខ្លាចមិនហ៊ានមកហ្វឹកហាត់ ពួកគេមិនគួរទទួលបានប្រាក់ឈ្នួលទេ ព្រោះថាបើតាមស្ថានភាពឥឡូវនេះ យើងមិនថារឿងកុងត្រាជាមួយកីឡាករមិនដឹងយ៉ាងម៉េចទេ។ ប្រសិនបើអ្នកសួរមនុស្សតាមដងផ្លូវ ឲ្យមកហាត់បាល់ធម្មតា ហើយឲ្យលុយជាង ៧០,០០០ដុល្លារក្នុងមួយសប្ដាហ៍ ជាជាងការធ្វើតេស្ដិរកជំងឺកូរ៉ូណាពីរដង ខ្ញុំជឿជាក់ថាពួកគេទាំងនោះនឹងសុទ្ធតែយល់ព្រម” ។
ការត្រលប់មកហ្វឹកហាត់នៅក្នុងក្របខ័ណ្ឌ Premier League មិនទាន់សម្រេចច្បាស់លាស់ថាយ៉ាងណានៅឡើយនោះទេ ដោយបច្ចុប្បន្ននេះក្លិបទាំងអស់ កំពុងពិភាក្សាគ្នាលើការបើកឲ្យមានការហ្វឹកហាត់ជាក្រុមតូចៗក្នុងក្លិបនីមួយៗ ដោយរក្សាគម្លាត និងទីតាំងឆ្ងាយពីទីប្រជុំជនផងដែរ ៕
ដោយ៖ ភិរក្ស