ខ្សែបម្រើស្លាបរបស់ក្លិប Chelsea និងជាកីឡាករជម្រើសជាតិអង់គ្លេស Callum Hudson-Odoi ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភសេពសន្ថវៈកាលពីព្រឹកថ្ងៃអាទិត្យ ។
មន្ត្រីប៉ូលីស និងរថយន្តសឺរ៉ែនត្រូវបានបញ្ជូនទៅកាន់អាស័យដ្ឋានមួយនៅទីក្រុងឡុងវេលាម៉ោង៣និង៥៣នាទីដែលជាទីតាំងស្នាក់នៅរបស់កីឡាករ Odoi តាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ដែលបានប្តឹងកីឡាកររូបនេះ។ នៅពេលនោះស្ត្រីម្នាក់បានរាយការណ៍ថា នាងត្រូវបានគេចាប់រំលោភ ហើយក្រុមគ្រូពេទ្យក៏បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមផងដែរ។
Hudson-Odoi មានអាយុ១៩ ឆ្នាំត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ប៉ុន្តែក្រោយពីមានការសម្របសម្រួលពីមេធាវីរួចមក កីឡាកររូបនេះត្រូវបានគេធានាឲ្យនៅក្រៅឃុំបណ្តោះអាសន្នរហូតដល់ពាក់កណ្តាលខែមិថុនា ពេលតុលាការកោះហៅសាកសួរបន្ត។
ជុំវិញករណីនេះក្លិបតោខៀវ Chelsea បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ ។ Hudson-Odoi គឺជាកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសទី៣ហើយកាលពីខែកញ្ញាដែលបានចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំជាមួយតោខៀវ ហើយក៏ជាកីឡាករដំបូងគេនៅ Premier League ដែលបានធ្វើតេស្តរកឃើញមេរោគកូវីដ១៩។ ប៉ុន្តែកីឡាកររូបនេះបានជាសះស្បើយពេញលេញ ដូចកីឡាកររបស់ក្លឹបតោខៀវដទៃទៀតដែរ កំពុងរង់ចាំត្រលប់ទៅហ្វឹកហាត់វិញមុនពេលចាប់ផ្តើមរដូវកាលបន្ត ។
របាយការណ៍ខ្លះបានលើកឡើងថា ស្ត្រីដែលពាក់ព័ន្ធបានទៅលេង Hudson-Odoi នៅទីតាំងដែលកីឡាកររូបនេះស្នាក់នៅ។
ប្រទេសអង់គ្លេសបានហាម និងដាក់កំហិតថា មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមកពីគ្រួសារនីមួយៗអាចជួបគ្នាបានដរាបណាពួកគេនៅខាងក្រៅផ្ទះនិងទុកចម្ងាយពីរម៉ែត្រពីគ្នា ដោយការពារការឆ្លងជំងឺកូរ៉ូណា ៕
ដោយ៖ ភិរក្ស