នាយកប្រតិបត្តិលីកកំពូលអាល្លឺម៉ង់ Bundesliga បានចេញសេចក្តីប្រកាសឲ្យកីឡាករទាំងក្នុងក្របខ័ណ្ឌមួយនេះត្រូវគោរពតាមគោលការណ៍ណែនាំក្នុងការវិលត្រឡប់ទៅលេងវិញមុនការប្រកួតនាចុងសប្តាហ៍ក្រោយ បន្ទាប់ពីកីឡាកររបស់ក្លិប Hertha Berlin បានព្រងើយកន្តើយ និងមិនគោរពតាមគោលការណ៍នេះអំឡុងពេលជ័យជម្នះ ៣-០ ទៅលើក្រុម Hoffenheim កាលពីថ្ងៃសៅរ៍កន្លងទៅ។
DFL (លីគបាល់ទាត់អាឡឺម៉ង់) បានប្រកាសរួចហើយថា ក្លិប Hertha Berlin នឹងមិនត្រូវបានដាក់ទណ្ឌកម្មចំពោះការអបអរសាទរក្រោយស៊ុតបាល់បញ្ចូលទី ដោយបានរត់ទៅឱបគ្នា ធ្វើឲ្យមានកំហុសក្នុងការណែនាំមុនការប្រកួត។
ទោះយ៉ាងណាលោក Robert Klein នាយកប្រតិបត្តិ Bundesliga មានប្រសាសន៍ថា គោលការណ៍ណែនាំចាំបាច់ត្រូវអនុវត្តតាម។ លោកបន្តថា “មានគោលការណ៍ណែនាំមានច្បាស់លាស់។ យើងត្រូវការកីឡាករគ្រប់រូបគោរពតាម។ នៅក្នុងសេចក្តីណែនាំគឺការអនាម័យ និងការអបអរសាទរពេលរកគ្រាប់បាល់បានគឺត្រូវនៅគម្លាតឆ្ងាយពីគ្នា។
លោកបន្តទៀតថា “មនុស្សម្នាក់អាចត្រេកអរពេលបានស៊ុតបញ្ចូលទីដែលប្រហែលជាពេលខ្លះនឹងរត់ទៅឱបមិត្តរួមក្រុម។ ប៉ុន្តែយើងត្រូវដឹងថា តាមការណែនាំគឺមិនឲ្យធ្វើដូច្នេះទេ។ ទាំងនេះគឺដើម្បីចៀសផុតពីការឆ្លងមេរោគកូវីដ១៩ និងអាចធ្វើឲ្យរដូវកាលរបស់យើងបញ្ចប់បាន ប្រកបដោយភាពជឿជាក់ និងជោគជ័យ” ៕
ដោយ៖ ភិរក្ស