អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង​ចំនួន៧,៥លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជា​ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០​ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំពីប្រកាសព័ត៌មានស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង​របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ​ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតី​ភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ​និងពេញសមត្ថភាព​នៃសហរដ្ឋអា​មេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

លោក Patrick Murphy មានប្រសាសន៍​ថា​ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់​សរុបចំនួន ៧,៥ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទា​សេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខុមាល​ភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។ ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ, ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពល​ រដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ខ្លាំងពីជំងឺរាត​ត្បាតនេះ ។ ដោយឡែកក្នុងរយៈពេលមធ្យមនឹងជួយរៀបចំកម្មវិធី​បណ្តុះ​បណ្តាលជំនាញការងារឡើងវិញដល់ប្រជាពល​រដ្ឋរងគ្រោះក្នុងវិស័យឯកជន ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិកដែល​ បានផ្តល់ជំនួយអន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលាដែលជាកាយវិការ​ប្រកបដោយអត្ថន័យសម្រាប់ប្រជាជនកម្ពុជា ។ 

លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជាប្រទេសដទៃទៀតដែរបានទទួលរងផលប៉ះពាល់ពីជំងឺនេះ ។

នៅក្នុងបរិការណ៍នេះ​ លោកអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូស​បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្មដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ​ ជួយសម្រួលដល់ជីវភាពកម្មករ និយោជិត និងប្រជាពល​ រដ្ឋកម្ពុជាផងដែរ ។ វិធានការអន្តរាគមន៍ចំនួន៣ជុំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ ដាក់ចេញជាបន្ទាន់ ដើម្បីជួយស្រោច​ស្រង់វិស័យឯកជន ជាពិសេស ក្នុងវិស័យសំខាន់ៗដូចជា វិស័យទេសចរណ៍​ អាកាសចរណ៍ និងកាត់ដេរវាយនភណ្ឌ និងដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករ និយោជិតដែលបម្រើការក្នុងវិស័យ​ ទាំងនេះទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ​ ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាពការលើកលែង និងអនុគ្រោះឥណទាន (credit relief), ការបង្កើនសន្ទនីយភាព (liquidity) ទៅក្នុងទីផ្សារ ។ល។

លោកអគ្គបណ្ឌិត​សភាចារ្យលេីកឡេីងថា​ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ចេញនូវកម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលការលំបាក និងរក្សាលំនឹងជីវភាពប្រជា​ជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារ​ប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (Cash for work), ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងារក្នុងវិស័យថ្មី ។

ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរបានគូសបញ្ជាក់ថា ឆ្នាំ២០២០ នេះ គឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក ។ ភាគីទាំងពីរសន្យានឹងបន្តខិតខំថែរក្សាចំណងមិត្តភាព ដែល​មានជាយូរលុងណាស់មកហើយរវាងប្រទេសទាំងពីរ និងបន្តពូនជ្រំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត​ដល់រដ្ឋាភិបាលនិងប្រជាជនអាមេរិកដែលបានរួមវិភាគទានដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ៕

ដោយ​៖​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print