ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំពីប្រកាសព័ត៌មានស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
លោក Patrick Murphy មានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួន ៧,៥ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន ៥ លានដុល្លារអាមេរិក សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងថវិកាចំនួន ២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខុមាលភាពប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។ ចំពោះការប្រើប្រាស់ហិរញ្ញប្បទានឥតសំណងនេះ, ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពល រដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ខ្លាំងពីជំងឺរាតត្បាតនេះ ។ ដោយឡែកក្នុងរយៈពេលមធ្យមនឹងជួយរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញការងារឡើងវិញដល់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិកដែល បានផ្តល់ជំនួយអន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលាដែលជាកាយវិការប្រកបដោយអត្ថន័យសម្រាប់ប្រជាជនកម្ពុជា ។
លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជាប្រទេសដទៃទៀតដែរបានទទួលរងផលប៉ះពាល់ពីជំងឺនេះ ។
នៅក្នុងបរិការណ៍នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្មដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ជួយសម្រួលដល់ជីវភាពកម្មករ និយោជិត និងប្រជាពល រដ្ឋកម្ពុជាផងដែរ ។ វិធានការអន្តរាគមន៍ចំនួន៣ជុំ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញជាបន្ទាន់ ដើម្បីជួយស្រោចស្រង់វិស័យឯកជន ជាពិសេស ក្នុងវិស័យសំខាន់ៗដូចជា វិស័យទេសចរណ៍ អាកាសចរណ៍ និងកាត់ដេរវាយនភណ្ឌ និងដើម្បីរក្សាលំនឹងជីវភាពរស់នៅរបស់កម្មករ និយោជិតដែលបម្រើការក្នុងវិស័យ ទាំងនេះទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ តាមរយៈការលើកទឹកចិត្ត និងការអនុគ្រោះផ្នែកសារពើពន្ធ ការអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាពការលើកលែង និងអនុគ្រោះឥណទាន (credit relief), ការបង្កើនសន្ទនីយភាព (liquidity) ទៅក្នុងទីផ្សារ ។ល។
លោកអគ្គបណ្ឌិតសភាចារ្យលេីកឡេីងថា រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ចេញនូវកម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលការលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (Cash for work), ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងារក្នុងវិស័យថ្មី ។
ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរបានគូសបញ្ជាក់ថា ឆ្នាំ២០២០ នេះ គឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក ។ ភាគីទាំងពីរសន្យានឹងបន្តខិតខំថែរក្សាចំណងមិត្តភាព ដែលមានជាយូរលុងណាស់មកហើយរវាងប្រទេសទាំងពីរ និងបន្តពូនជ្រំមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀត ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់រដ្ឋាភិបាលនិងប្រជាជនអាមេរិកដែលបានរួមវិភាគទានដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ៕
ដោយ៖ ជាយក្រុង