សម្តេចប្រធានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរសង្កាត់បឹងធំ ខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៨និង៣០នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមរយៈការងារនេះ សម្តេចបានសាកសួរសុខទុក្ខ និងស្តាប់របាយការណ៍ស្តីពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ និងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សម្តេចក៏បានសាកសួរអំពីសភាពការណ៍ និងការអប់រំផ្សព្វផ្សាយអំពីបណ្តាវិធានការទប់ស្កាត់ និងការពារជម្ងឺកូវីដ ១៩ នៅក្នុងមូលដ្ឋានផងដែរ។ ទទ្ទឹមនឹងនេះ សម្តេចប្រធានក្រុមការងារ ក៏បានជំរាបជូនអំពីស្ថានភាពនៃការរីករាតត្បាតរបស់វីរុសកូវីដ១៩ នៅបណ្តាប្រទេសជុំវិញពិភលោកព្រមទាំងផលប៉ះពាល់លើគ្រប់ផ្នែកគ្រប់វិស័យដែលបង្ករឡើងដោយសារជម្ងឺនេះ។ ជម្ងឺរាតត្បាតដ៏កាចសាហាវ និងងាយចម្លងបំផុតនេះគឺបង្ករមកពីវីរុសកូវីដ ១៩ ដែលជាវីរុសប្រភេទថ្មី ហើយដែលមិនទាន់មានការស្រាវជ្រាវបែបវិទ្យាសាស្រ្តណាមួយបញ្ជាក់ឲ្យច្បាស់លាស់ និងរកឃើញថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាព ឬបង្កើតបាននូវវ៉ាក់សាំង សំរាប់ការពារនៅឡើយ។
សម្តេចបន្តថា៖ ដោយឡែកនៅកម្ពុជាយើង អាស្រ័យដោយរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ក្តាប់ជាប់ និងគ្រប់គ្រងសភាពការបានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ការពារបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា ម្យ៉ាងទៀតកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ប្រជាពលរដ្ឋគ្រប់រូបម្នាក់ៗសុទ្ធតែមានការភ័យខ្លាច មានការយល់ដឹង និងចូលរួមសហការអនុវត្តន៍យ៉ាងសស្រាក់សស្រាំ នោះទើបស្ថានភាពនៃជម្ងឺនេះបានធូរស្រាលហើយការចម្លង ក៏មិនមានរីករាលដាលដល់ក្នុងសហគមន៍ ហើយក្នុងរយៈពេលជាងមួយខែមកនេះ គឺមិនមានករណីឆ្លងថ្មីៗទៀត ហើយក៏នៅមិនមានអ្នកស្លាប់ និងការព្យាបាលបានជាសះស្បើយអស់ហើយ (១២២នាក់/១២២នាក់) ។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងថា៖ នេះមិនមែនមានន័យថាមិនអាចកើតមាននូវរលកទី២ នៃការចម្លងកូវីដ ១៩ ជាថ្មីទៀតនោះដែរ ហេតុនេះទើបត្រូវតែបន្តប្រុងប្រយ័ត្ន និងការពារទប់ស្កាត់តទៅទៀត។

សម្តេចបញ្ជាក់ថា៖ ចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយើងឲ្យប្រុងប្រយ័ត្ន និងអនុវត្តខ្ជាប់ខ្ជួននូវបណ្តាវិធានការនានា ដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ជាក់ស្តែងគឺ៖
-ការអនុវត្ត អនាម័យខ្លួនប្រាណ និងអនុវត្តការហាត់ប្រាណដើម្បីសុខភាព។
– ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយចូរព្យាយាមនៅផ្ទះឲ្យបានច្រើនបើមិនមានការចាំបាច់។
-និងត្រូវពាក់ម៉ាស្សការពារនៅពេលធ្វើការងារ ពេលធ្វើដំណើរ និងនៅទីកន្លែងដែលមានមនុស្សអ៊ូអរ។

ក្នុងករណីមានការសង្ស័យឬមាន អាការៈមិនស្រួលខ្លួនដូចជាមានគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម។ល។ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ឬទាក់ទងសួរព័ត៌មានពីខ្សែទូរស័ព្ធលេខ១១៥ជាបន្ទាន់ ។ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕

...

ប្រភព៖ ពីព្រឹទ្ធសភា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print