ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Asiaone បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១៥នាក់ បានឆ្លងជំងឺកូវីដ១៩ នៅក្នុងតំបន់ Sidoarjo ភាគខាងលិចកោះចាវ៉ា នៃប្រទេសឥណ្ឌូនេស៊ី ។ បន្ទាប់ពីពួកគេទាំងនោះគឺសុទ្ធតែសាច់ញាតិ និងអ្នកជិតខាងរបស់សាកសព បាននាំគ្នាទៅគាស់យកសាកសពមនុស្សម្នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ យកមករៀបចំធ្វើពិធីមួយចំនួនតាមទម្លាប់ជំនឿសាសនារបស់ពួកគេ ។ ក្នុងកម្មពិធីបុណ្យសពមានដូចជាពិធីចំអះទឹកសាកសព (ងូតទឹកឲ្យសាកសព)ជាដើម ។ ក្រោយពីសាកសពត្រូវបានគេដាក់ចូលក្នុងមឈូសដែលបានបញ្ចុះរួចទៅហើយ ។
ប្រភពខាងលើបានបញ្ជាក់ថា សាកសពជនរងគ្រោះដោយជំងឺកូវីដ ១៩ ខាងលើនេះ ត្រូវបានគេនាំយកពីមន្ទីរពេទ្យទៅបញ្ចុះភ្លាមៗតែម្តងដោយមិនបានឲ្យគ្រួសារសពនាំយកសាកសពជនរងគ្រោះទៅដាក់តម្កល់នៅក្នុងពិធីបុណ្យសពនៅឯផ្ទះជនរងគ្រោះឡើយ ។ព្រោះគេខ្លាចមានករណីចម្លងមេរោគពីសាកសពនៅកាន់មនុស្សនេះឯង។ យ៉ាងណាក្តី ខាងគ្រួសារសពនៅតែមិនអស់ចិត្ត និងមិនខ្លាចឆ្លងមេរោគទាល់តែសោះទើបសម្រេចធ្វើសកម្មភាពដូចខាងលើដោយបំពាននឹងការណែនាំរបស់អាជ្ញាធរសុខាភិបាល រហូតដល់ពួកគេក៏ត្រូវឆ្លងមេរោគផងដែរ។
គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឥណ្ឌូនេស៊ីមានករណីអ្នកកើតជំងឺកូវីដ ១៩ សរុបចំនួន ១៩,១៨៩ ករណី ស្លាប់ចំនួន ១,២៤២ ករណីនិងជាសះស្បើយចំនួន ៤,៥៧៥ ផងដែរ៕ដោយ៖ស តារា