រោងចក្រ២៣៧បានព្យួរការងារធ្វើឲ្យប៉ះពាល់ដល់កម្មករជាង១១ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក ហេង សួរ បានមានប្រសាសន៍នាព្រឹកថ្ងៃទី២១ ខែឧសភា ថាគិតត្រឹមថ្ងៃទី២១ ខែឧសភានេះ មានរោងចក្រចំនួន២៣៧រោងចក្រ បានព្យួរការងារធ្វើឲ្យប៉ះពាល់ដល់កម្មករ-កម្មការិនីចំនួនជាង១១ ម៉ឺននាក់នៅទូទាំងប្រទេស។
លោកហេង សួរ បានបន្តថាមានចក្រដែលបានបិទទ្វារតាមនីតិវិធីត្រឹម ត្រូវមានចំនួនជាង២០រោងចក្រ ខណៈជាង៣០រោងចក្រទៀតបិទទ្វារមិនតាមនីតិវិធីត្រឹមត្រូវ។ យ៉ាងណាក៏ដោយលោក បានបន្ថែមទៀតថា មានរោងចក្រប្រមាណ១០០បានបើកដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន ឡើងវិញផងដែរ បន្ទាប់ពីបានព្យួរការងារមួយរយៈរួចមក។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរ បានមានប្រសាសន៍ថា មូលហេតុដែលបណ្តាលឲ្យរោងចក្របិទទ្វារ និងព្យួរការងារជាបន្តបន្ទាប់នេះ គឺដោយសារតែក្រុមហ៊ុនបញ្ជាទិញធំៗ នៅអឺរ៉ុបនិងនៅអាមេរិក បានពន្យារការទូទាត់សងប្រាក់បញ្ជាទិញទំនិញ និង មិនទាន់បានបញ្ជាទិញទំនិញជាថ្មីពីកម្ពុជា ព្រោះតែវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឲ្យរោងចក្រកាត់ដេរមួយចំនួនបានងាកមកផលិតម៉ាស់និង សម្ភារៈពេទ្យវិញ ដើម្បីបម្រើតម្រូវការនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
លោក ហេងសួរ បានបញ្ជាក់ថាក្រសួងការងារសូមស្វាគមន៍ និងចាត់ទុកការពង្រីកការផលិតម៉ាសនិងសម្ភារៈពេទ្យនេះជារឿងល្អ ព្រោះវាអាចនឹងជួយរក្សាការងារដល់កម្មករ កម្មការិនីខ្មែរបានជិត១០ម៉ឺនកន្លែង។
លោក កាំង ម៉ូនីកា បានបន្តថាការគាំទ្រនិងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលនេះ គឺជាការគិតគូរដ៏ល្អមួយ ដែលនឹងអាចចូលរួមចំណែក ក្នុងការរក្សាការងារខ្លះៗសម្រាប់បងប្អូនកម្មកររបស់យើងនិងជួយលើក កម្ពស់ការនាំចេញរបស់យើង ខណៈដែលការបញ្ជរទិញសំលៀកបំពាក់មានការធ្លាក់ចុះនាពេលបច្ចុប្បន្ន នេះ។
លោក ហេង សួរ បានឲ្យដឹងទៀតថា ចំពោះកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ គឺរដ្ឋាភិបាលកម្ពុជា បានផ្តល់ទឹកប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារ ខណៈថៅកែរោងចក្រផ្តល់៣០ដុល្លារក្នុងមួយខែៗ។ លោកក៏បានអះអាងទៀតថា មកដល់ពេលនេះ កម្មករ-កម្មការិនីប្រមាណ៥ម៉ឺន៦ពាន់នាក់ កំពុងស្ថិតក្នុងបញ្ជី ដែលត្រូវផ្តល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ដែលនឹងផ្តល់ដល់ពួកគេនៅក្នុងសប្តាហ៍នេះ តាមរយៈធនាគារវីង ដែលធនាគារនឹងផ្តល់លេខកូដបើកប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនីតាមរយៈលេខទូរស័ព្ទរបស់ពួកគេនីមួយៗ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print