ភ្នំពេះញ៖ ក្រោយទិញសិទ្ធិផ្តាច់មុខលើការផលិតស្នាដៃ កវី គង្គ ប៊ុនឈឿន នោះផលិតកម្ម Galaxy Navatra បានបញ្ចេញសេចក្តីជូនដំណឹងដោយទុកពេលឲ្យបណ្តាផលិតកម្ម និងម្ចាស់គ្រប់គ្រងគណនីយYouTubeនិងប្រព័ន្ធ Digital ផ្សេងៗ ឲ្យលុបចេញជាបន្ទាន់ មុនពេលផលិតកម្មចាត់វិធានការតាមផ្លូវច្បាប់។
ការប្រកាសនេះដែរត្រូវបានធ្វើឡើងក្រោយពីផលិតកម្មខាងលើបានសម្រេចចិត្តក្នុងការទិញសិទ្ធិផ្ដាច់មុខស្នាដៃ បទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន។ យោងតាមសេចក្តីជូនដំណឹងរបស់ផលិតកម្មបានលើកឡើងថាផលិតកម្ម Galaxy Navatra ស្នើទៅកាន់បណ្តាផលិតកម្ម ឬយូធូបផ្សេងៗលុបចេញបន្ទាន់ត្រឹមថ្ងៃទី០១ ខែមិថុនា ខាងមុខ ។ ក្នុងនោះដែរសេចក្តីជូនដំណឹងនេះបានលើកឡើងដែរថាដើម្បីចូលរួមថែរក្សា និងលើកម្ពស់ស្នាដៃមរតកដើម ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពអ្នកដែលបានទទួលសិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀងមរតកដើមរបស់កវីនិពន្ធបទចម្រៀងដ៏ឆ្នើមរបស់ប្រទេស ផលិតកម្ម Galaxy Navatra មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖ ផលិតកម្ម Galaxy Navatra បានទិញសិទ្ធិផ្តាច់មុខបទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីរក្សា នឹងផលិតឡើងវិញដោយរក្សាទំរង់ដើម ព្រមទាំងប្រើប្រាស់នៅក្នុង YouTube និងប្រព័ន្ធ Digital ផ្សេងៗដូចជា Calltune តាមទូរសព័្ទដើម្បីស្វែងរកចំណូលបន្ថែមជូនម្ចាស់ស្នាដៃ ដោយមានរយៈពេល១០ឆ្នាំ ដែលបទភាគច្រើនជាសំនៀងរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត – លោកយាយ រស់សេរីសុទ្ធា និងមរតកសំនៀងជាច្រើនរូបទៀត»។
ប្រភពបន្តទៀតថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើសូមបណ្តាផលិតកម្ម និង Channel Youtube ទាំងអស់ដែលបានយកបទមរតកដើមទៅ Upload ឬផលិតឡើងវិញដាក់ Youtube ឬលក់នៅ Apple Store ឬបានយកទៅដាក់ Copyright កន្លងមក សូមប្រញាប់រួសរាន់លុបចេញឲ្យបានមុនថ្ងៃទី១ ខែ ៦ ឆ្នាំ ២០២០ នេះ មុនពេលដែលយើងខ្ញុំប្រើប្រាស់នូវសិទ្ធិតាមនីតិវិធីច្បាប់ ក្នុងការការពារសិទ្ធិ និងប្រយោជន៍ដើម្បីម្ចាស់ស្នាដៃ។
គួរបញ្ជាក់ដែរថាកវីម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន បានលាចាកលោក នៅប្រទេសន័រវេកាលពីអំឡុងខែមេសាឆ្នាំ២០១៦។ សម្រាប់សង្គមខ្មែរទូទៅ លោក គង្គ ប៊ុនឈឿន គឺជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់ ដែលបានបន្សល់ទុកនូវស្នាដៃផ្នែកតែងនិពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងប្រលោមលោក កំណាព្យ ភាពយន្ត និងបទចម្រៀង។ មរណភាពរបស់កវីម្ចាស់ស្ទឹងសង្កែនាពេលនេះ បានធ្វើឲ្យអ្នកស្នេហាវិស័យតែងនិពន្ធ និងវិស័យសិល្បៈចម្រៀងសោកស្ដាយស្រណោះយ៉ាងអនេក៕
ដោយ វឌ្ឍនា